លោកឧកញ៉ា ជា ធីឡាយ ៖ ការអប់រំគឺជាគ្រឹះដ៏រឹង មាំបំផុតសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់បុគ្គល គ្រួសារ និងសង្គមជាតិ

លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ យូ ឃីម ធីឡាយ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនៃសាលារៀន សុវណ្ណភូមិ ទីតាំងព្រែកអញ្ចាញ ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។ ពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសនេះ លោកឧកញ៉ា ជា ធីឡាយ បានលើកឡោះងថា សមិទ្ធផលថ្មីស្រឡាំងនូវអគារសិក្សាថ្មីនៃសាលារៀន សុវណ្ណភូមិ ទីតាំងព្រែកអញ្ចាញនេះ មិនត្រឹមតែជាការបោះជំហាន ទៅមុខមួយកម្រិតទៀត ក្នុងការពង្រីកវិសាលភាព នៃការផ្តល់សេវាអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតរវើរវាយរបស់ថ្នាក់ដឹកនាំយើង ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍជាតិ។ លោកឧកញ៉ា គូសបញ្ជាំកបន្ថែមថា ទាំងអស់គ្នាដឹងហើយថា ការអប់រំគឺជាគ្រឹះដ៏រឹង មាំបំផុតសម្រាប់កសាងអនាគតដ៏ភ្លឺស្វាងរបស់បុគ្គល គ្រួសារ និងសង្គមជាតិ ។ នៅសាលារៀន សុវណ្ណភូមិ មិនត្រឹមតែផ្តល់នូវចំណេះដឹងទូទៅប៉ុណ្ណោះទេ តែបាននឹងកំពុងផ្តោត យ៉ាងសំខាន់លើការបណ្តុះបណ្តាល “បំណិនសតវត្សទី២១”។

លោកឧញ៉ា អគ្គនាយក អ៊ិន ធី ស៊ី គ្រុប មានប្រសាសន៍លើកឡើងបន្ថែមថា កម្មវិធីសិក្សា ត្រូវបាន រចនាឡើង ដើម្បីពង្រឹងទាំងចំណេះដឹង ជំនាញទន់ សីលធម៌ គុណធម៌ ភាពជាអ្នកដឹកនាំ ភាពច្នៃ ប្រឌិត និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាថា ក្មួយៗសិស្សានុសិស្សនឹងក្លាយជាពលរដ្ឋ សកលដែលមានសមត្ថភាពពេញលេញ និងអាចប្រកួតប្រជែងបានក្នុងយុគសម័យឌីជីថលនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ជា ធីឡាយ បានថ្លែងអំណរគុណចំពោះ មាតាបិតា និង អ្នក អាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែផ្តល់សេចក្តីទុកចិត្តយ៉ាងមុតមាំ និងជ្រើសរើស សាលាសុវណ្ណភូមិសម្រាប់គ្រួសត្រាយផ្លូវអនាគតបុត្រធីតា។ ទន្ទឹមនឹងនេះ ក៏បានថ្លែងនូវការកោតសរសើរ ដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក គ្រប់ផ្នែក ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចផ្តល់សេវាអប់រំ និងមើលថែ សិស្សានុសិស្សប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ ទីតាំងព្រែកអញ្ចាញ មានអាសយដ្ឋានស្ថិតនៅ ផ្លូវជាតិ 6A ភូមិក្រោម ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ សាលាបានចាប់ផ្តើមបើកទទួលចុះឈ្មោះ សិស្សកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នឹងបើកដំណើរការសេវាកម្មរបស់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សាលារៀនសុវណ្ណភូមិ ទីតាំងព្រែកអញ្ចាញ បានដំណើរការបានរយៈពេល ១ ឆ្នាំ ៩ខែ៕