ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយសហស្ថាបនិកក្រុមហ៊ុន Sunshine by Lissun ស្តីពីកិច្ចសហប្រតិបត្តិការលើការថែទាំ និងអភិវឌ្ឍកុមារ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបសម្តែងការគួរសមជាមួយលោក Tarun Gupta សហស្ថាបនិកក្រុមហ៊ុន Sunshine by Lissun ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសលើការថែទាំ និងអន្តរាគមន៍លើការលូតលាស់របស់កុមារ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធកម្ពុជា និងដៃគូអន្តរជាតិ។ កិច្ចជំនួបនេះធ្វើឡើងនៅការិយាល័យឯកឧត្តម សុខ ប្រសិទ្ធិ នាទីស្តីការក្រសួងព័ត៌មាន និងមានការសម្របសម្រួលដោយលោក Sanjeev Gupta នាយកក្រុមហ៊ុន Telpha Inc.

ក្នុងជំនួបនេះ លោក Tarun Gupta បានបង្ហាញពីបេសកកម្មរបស់ក្រុមហ៊ុន Sunshine by Lissun ដែលផ្តោតលើការថែទាំ និងអន្តរាគមន៍លើការលូតលាស់របស់កុមារ តាមរយៈការរួមបញ្ចូលសេវាព្យាបាលផ្ទាល់ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកក៏បានបង្ហាញពីបំណងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកុមារដែលមានបញ្ហាប្រឈមនានា ដូចជា អូទីសឹម (Autism) ពិការភាពផ្ចង់អារម្មណ៍ (ADHD) និងការយឺតយ៉ាវក្នុងការនិយាយ។

ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការខាងលើអាចរួមចំណែកដល់ការថែទាំ និងអភិវឌ្ឍកុមារតូច ព្រមទាំងការពង្រឹងវិស័យសុខាភិបាល និងសុខភាពផ្លូវចិត្តនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញការគាំទ្រចំពោះការសម្របសម្រួលឱ្យមានកិច្ចពិភាក្សាជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកលទ្ធភាពអនុវត្តគម្រោងរួមដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការកសាងធនធានមនុស្ស តាមរយៈការបង្កើនឱកាសសិក្សា និងបណ្តុះបណ្តាលជំនាញសម្រាប់យុវជន និងមន្ត្រីជំនាញកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សុខ ប្រសិទ្ធិ បានស្នើឱ្យពិនិត្យលទ្ធភាពសហការលើ៣ចំណុចសំខាន់ រួមមាន៖ ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ការជំរុញការវិនិយោគ និងអន្តរាគមន៍ជាមុនលើសុខុមាលភាពកុមារ និងការផ្តល់អាហារូបករណ៍ ព្រមទាំងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ជូនមន្ត្រីរាជការ បុគ្គលិកជំនាញ និងនិស្សិតកម្ពុជា លើវិស័យវេជ្ជបច្ចេកវិទ្យា សុខភាពផ្លូវចិត្ត និងការអប់រំពិសេសសម្រាប់កុមារ។

លោក Tarun Gupta បានស្វាគមន៍ចំពោះសំណើនេះ និងបញ្ជាក់ពីបំណងពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យ មន្ទីរពេទ្យ និងស្ថាប័នដៃគូ ដើម្បីបង្កើតកម្មវិធីអាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រី និងនិស្សិតកម្ពុជា។

នៅក្នុងឱកាសនោះដែេ ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណចំពោះលោក Tarun Gupta និងប្រតិភូ ដែលបានអញ្ជើញមកជួបពិភាក្សា និងចូលរួមជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ព្រមទាំងជូនពរឱ្យប្រតិភូទទួលបានសុខភាពល្អ និងជោគជ័យក្នុងគ្រប់ភារកិច្ច៕