ឯកឧត្តម មីន អោង ឡាំង ( Min Aung Hlaing ) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតនកោដ្ឋ»
នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម មីន អោង ឡាំង ( Min Aung Hlaing ) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ តបតាមព្រះរាជសារអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បន្ទាប់ពីឯកឧត្តម មីន អោង ឡាំង ( Min Aung Hlaing ) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រួចមក ឯកឧត្តម បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌបព្រះបរមរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម ឈា ហន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជារដ្ឋមន្ត្រីអមគណៈប្រតិភូ។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឧត្តមប្រយោជន៍នៃប្រជាជនទាំងពីរ ដែលតាមរយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាឱកាសនេះ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតសិ្នទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលេីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម៕



