ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ។
អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។
គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានលំឱនកាយស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានបូជាជីវិតនៅក្នុងបុព្វហេតុតស៊ូទាមទារ រំដោះប្រទេសជាតិនិងមាតុភូមិ ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យជាតិទាំងស្រុង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាដំណើរទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រធានាធិបតី នឹងមានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម៕



