ឯកឧត្តម ចាយ បូរិន៖ ពុទ្ធិកសិក្សាគ្រប់កំរិតកំពុងរីកចម្រើន ស្របតាមគោលនយោបាយជាតិអប់រំ ក្នុងយុគសម័យសកលភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្ម ៤.០
រាជធានីភ្នំពេញ: ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦- ២០២៧ នៅអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិក្រសួ ងធម្មការនិងសាសនា ដោយ មានការយាងចូលរួមពីសំណាក់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេ ចព្រះសង្ឃនាយក គណៈមហានិកាយ និងជាព្រះអគ្គធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចជាអម្ចាស់ សម្តេចព្រះអគ្គធិការរង សម្តេចគ្រប់ព្រះឋានានុក្រម ព្រះមន្រ្តីសង្ឃ ឯក ឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងសិក្ខាកាមចូលរួមប្រមាណ១២៥អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្តទាំង១៨ នាអគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា នៅក្នុងយុគសម័ យសកលភាវូបនីយកម្ម និងបដិវត្តឧស្សាហកម្ម៤.០ ដែលបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្លាស់ប្តូរទម្រង់នៃការរស់នៅ ការធ្វើការ និងការរៀនសូត្រ ប្រព័ន្ធអប់រំជាតិទាំងផ្នែកអាណា ចក្រ និងពុទ្ធចក្រ មិនអាចស្ថិតនៅដាច់ដោយឡែក ឬដើរថយ ក្រោយពីការវិវត្តនេះបានឡើយ។ ដូចនេះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលជាសេនាធិការរបស់ក្រសួងធម្មការនិង សាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវបំណិន បទពិសោធ ចំណេះដឹងថ្មីៗបែបបច្ចេកវិទ្យាឌីជីថលដល់វិស័យពុទ្ធិកសិក្សា ចាប់ពីកម្រិតធម្មវិន័យ បឋម មធ្យម ឧត្តម និងក្រោយឧត្តម។
នេះពិតជាបានឆ្លើយតបតាមអនុសាសន៍របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយក្នុងនោះ មុំទី១ នៃបញ្ចកោណទី១ គឺផ្តោតលើ «ការអភិវឌ្ឍមូលធនមនុស្ស»។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា វគ្គបណ្តុះ បណ្តាលដែលបានដំណើរការ និងឈានមកដល់ទីបញ្ចប់នៅថ្ងៃនេះ មិនមែនជាការបញ្ចប់នៃការរៀនសូត្រនោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមយុគសម័យថ្មី នៃការកសាងភាពជាអ្នកដឹកនាំបែបនវានុវត្តន៍ ដើម្បី បណ្តុះសមត្ថភាព លើការរៀបចំផែន ការយុទ្ធសាស្ត្រសម្រាបអភិវឌ្ឃវិស័យពុទ្ធិកសិក្សា និងការបញ្ចូលឧបករណ៍បច្ចេកវិទ្យាព័ត៌មាន (ICT) ទៅក្នុងប្រព័ន្ធគ្រប់គ្រងសាលាពុទ្ធិកបែបឌីជីថលដល់ព្រះសិក្ខាកាម និងសិក្ខាកាមគ្រប់រូប ដែលជាគណៈគ្រប់គ្រង ក៏ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើសមុហធាតុដ៏សំខាន់ខាងលើនេះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ចាំបាច់ត្រូវកែទម្រង់ទាំងគុណភាពគ្រូ ទាំងបច្ចេកទេសបង្រៀន និងកម្មវិធីសិក្សាឱ្យបានស៊ីជម្រៅគ្រប់កម្រិត តាម រយៈការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះដែលស្ថាប័នត្រូវអនុវត្តរួមមាន៖
១.ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងរដ្ឋបាលឌីជីថល ពោលគឺ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបន្តរៀបចំនិងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យអប់រំតាមបែបឌីជីថល ដោយប្រើប្រាស់គេហទំព័រផ្លូវការ និងប្រព័ន្ធផ្ទុកទិន្នន័យរួម។
២.ពង្រឹងជាប្រចាំនូវគុណភាពគ្រូបង្រៀន និងសមណសិស្ស សិស្ស តាមរយៈការបណ្តុះបណ្តាលវិក្រឹតការដល់លោកគ្រូ-អ្នកគ្រូឱ្យយល់ដឹងពីវិធីសាស្ត្របង្រៀនថ្មីៗស្របតាមសម័យកាល។
៣.ពង្រីកវិសាលភាព និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន តាមរយៈការផ្តល់ឱកាសអប់រំប្រកបដោយសមធម៌ ។
៤.កៀរគរស្វែងរកប្រភពធនធាន បច្ចុប្បន្នការបង្កើតរូបវន្តជាមួយដៃគូអភិវឌ្ឍថវិការដ្ឋតែមួយមុខ នៅមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងរហ័សនៃវិស័យពុទ្ធិកសិក្សានោះទេ។
ដើម្បីឱ្យវិស័យពុទ្ធិកសិក្សាកាន់តែមានភាពរីកចម្រើន ស្របទៅនឹងគោលនយោបាយជាតិស្តីពីការអប់រំ និងឆ្លើយតបបានយ៉ាងសាកសមទៅនឹងការរំពឹងទុករបស់រាជរដ្ឋាភិបាល ឯក ឧត្តម រដ្ឋមន្រ្តី សូមផ្តល់ ជូននូវទស្សនទានគន្លឹះមួយចំនួន ដូចខាងក្រោម៖
១. សូមព្រះសិក្ខាកាម និងសិក្ខាកាមគ្រប់រូប ត្រូវយកទៅអនុវត្តជាក់ស្តែង បង្កើតបរិយាកាសក្នុងថ្នាក់រៀនឱ្យមានភាពរស់រវើក ជម្រុញឱ្យសមណសិស្ស-សិស្ស ហ៊ានសួរ ហ៊ានគិត ហ៊ានវិភាគ និងដោះស្រាយបញ្ហាដោយហេតុផល។
២.អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើទំនើប កម្មកម្មវិធីសិក្សាគ្រប់កម្រិត លើផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា ភាសាបរទេស និងព័ត៌មានវិទ្យា ស្របពេលជាមួយគ្នាត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណភាព ជាស្ថាប័នអប់រំដែលឈាន មុខគេខាងផ្នែកសីលធម៌ផងដែរ។
៣.សូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមគ្រប់រូប ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងស្មារតីសាមគ្គីភាពផ្ទៃក្នុង ហើយត្រូវប្រើប្រាស់វេទិកាថ្នាក់រៀនដើម្បីបញ្ជ្រាបការអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ការឆបោក និងស្គែមអនឡាញជាដើម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព។
៤.បច្ចេកវិទ្យា និងចំណេះដឹងថ្មីៗកើតឡើងរាល់ថ្ងៃ សូមគណៈគ្រប់គ្រង និងគ្រូពុទ្ធិកសិក្សាទាំងអស់ បន្តស្វ័យសិក្សា ស្រាវជ្រាវ ព្រមទាំងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ដើម្បីកុំឱ្យយើងដើរថយក្រោយផ្ទុយពីសង្គមឌីជីថល។
៥.នៅក្នុងយុគសម័យបច្ចេកវិទ្យា គណៈគ្រប់គ្រងពុទ្ធិកសិក្សាមិនអាចស្ថិតក្នុងប្រព័ន្ធការងារបែបបុរាណរហូតនោះឡើយ គឺត្រូវបើកចិត្តទូលាយ ស្វែងយល់ និងចាប់យកបច្ចេកវិទ្យាឌីជី ថលមកប្រើប្រាស់ក្នុងការគ្រប់គ្រង និងការបង្រៀន ហើយត្រូវសហការយ៉ាងសកម្មជាមួយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្នុងការបញ្ចូលទិន្នន័យសិស្ស គ្រូ និងលទ្ធផលសិក្សាទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញរួម៕



