ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគមជប៉ុន-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា លោក Kazunori Kato នាយកប្រតិបត្តិ និងជាអគ្គលេខាធិការសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

ជំនួបនេះផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា ដើម្បីចូលរួមលើកកម្ពស់វិស័យព័ត៌មាន ព្រមទាំងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសារព័ត៌មានសម័យថ្មី។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហររបស់ក្រសួងព័ត៌មាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសមាគមជប៉ុន-កម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញការប្តេជ្ញាចិត្តរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន ដោយចាត់ទុកវិស័យព័ត៌មាន និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងការយល់ដឹង និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងជប៉ុន។

តាមរយៈកិច្ចពិភាក្សាការងារនាឱកាសនេះត្រូវបានចាត់ទុកថា ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលមានជាយូរលង់ណាស់មកហើយ ហើយបន្តដល់បច្ចុប្បន្ន និងទៅអនាគតកាន់រែរឹងមាំបន្ថែមទៀត៕