«ភាពធន់របស់អាស៊ានគឺចាប់ផ្តើមចេញពីប្រព័ន្ធសុខាភិបាលជាតិដែលមានភាពធន់ ហើយភាពធន់នេះនឹងកាន់តែរឹងមាំថែមទៀត នៅពេលដែលប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីបង្កើតកម្លាំងសរុបជំរុញសមាហរណកម្មអាស៊ាន» ទស្សនទានរបស់សុខាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ នាក្រុងគូឡាឡាំពួ
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខា ភិបាលអាស៊ានលើកទី១៧ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង១១ អគ្គលេខាធិ ការរងអាស៊ាន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាង លិច (WPRO)។
កិច្ចប្រជុំពេញអង្គ ប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តម Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានអាស៊ានវិស័យសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើនភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល ដើម្បីភាពធន់ សុខុមាល ភាព និងសន្តិសុខសុខភាព» (Synergising Health Systems for Resilience, Well-Being and Health Security) ដោយបានគូសរំលេចពីបទពិសោធន៍នៃការប្រយុទ្ធនឹងជំងឺរាតត្បាតនាពេលកន្លងមក ដែលនាំមកការយល់ដឹងថា «កម្លាំង និងភាពរឹងមាំនៃប្រព័ន្ធសុខាភិបាលមិនត្រឹមតែអាស្រ័យលើសមត្ថភាពនៃសមាសភាគនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើកម្រិតនៃកិច្ចសហការ និងការធ្វើការងាររួមគ្នា»។ ដើម្បីផ្លាស់ប្តូរពីសកម្មភាពដាច់ដោយឡែក ឱ្យទៅជាសកម្មភាពរួមនិងប្រទាក់ក្រឡា ដើរឆ្ពោះទៅរកភាពធន់ប្រកបដោយចីរភាពក្នុងរយៈពេលវែង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមចំណែកផ្តល់ជូននូវទិសដៅអាទិភាពគន្លឹះចំនួន ៣៖
១. បញ្ហាប្រឈមសុខភាព ជាបញ្ហារួមរបស់តំបន់ ដូច្នេះការពង្រឹងសន្តិសុខសុខភាព ការគ្របដណ្តប់សុខភាពសកល និងការត្រៀមលក្ខណៈឆ្លើយតប មិនអាចសម្រេចបានដោយវិស័យសុខាភិបាលតែមួយមុខនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធអន្តរវិស័យ អន្តរស្ថាប័ន និងឆ្លងដែន។
២. ពង្រឹងភាពជាអ្នកដឹកនាំ និងកិច្ចសហការរួមគ្នា ផ្តល់គោល ដៅយុទ្ធសាស្ត្រច្បាស់លាស់ ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ពង្រឹងសមត្ថភាពក្នុងការប៉ាន់ប្រមាណ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យនាពេលអនាគត។
៣. ការកសាងចីរភាពរចនាសម្ព័ន្ធសហប្រតិបត្តិការ ទាមទារអភិបាលកិច្ច ស្ថិរភាព ហិរញ្ញប្បទានប្រកបដោយចីរភាព បច្ចេកវិទ្យាប្រទាក់ក្រឡា ការចែករំលែកចំណេះដឹង ជាពិសេ សគឺការបង្កើត «ទំនុកចិត្ត» ទៅវិញទៅមក។
អង្គប្រជុំពេញអង្គបានអនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន (PrepSOM) របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជាមួយដៃគូរួមមាន៖ អាស៊ាន-បូកបី អាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-អាមេរិក និងអាស៊ាន-ជប៉ុន) វិធានប្រតិបត្តិ (Rules of Procedure – ROP) របៀបវារៈយុទ្ធសាស្ត្រសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ (ASEAN Strategic Health Agenda 2026-2030 – ASHA) យន្តការគ្រប់គ្រង និងការអនុវត្ត (Governance and Implementation Mechanism – GIM) តួនាទី និងភារកិច្ចក្រុមការងារសុខាភិបាលអាស៊ាន (Terms of Reference of ASEAN Health Clusters – TOR AHCs) ព្រមទាំងបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧។



