ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ក្រោមទុនវិនិយោគជាង ៤២ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ១ ៣៦១ កន្លែង

នាព្រឹកថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ២៧ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គម្រោងទាំងនេះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងរោងចក្រផលិតគ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ក្តារបន្ទះ និង ក្តារប៉ាកេ, គម្រោងរោងចក្រផលិត និង ដំឡើងឧបករណ៍ប្រើប្រាស់ ដោយអគ្គិសនី គ្រឿងបង្គុំសម្រាប់ឧបករណ៍អគ្គិសនី, គម្រោងអភិវឌ្ឍអចលនទ្រព្យ, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៤២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ ១ ៣៦១ កន្លែង ។

គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែសីហា ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៥០០ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤៧ ប៊ីលាន ដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៥០០ នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៧, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៤៣, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលក្រុមការងារសម្រេចបានក្នុងត្រីមាសទី៣ រួមមានជាអាទិ៍ ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ CamDX ដើម្បីអាចចេញលិខិតបញ្ជាក់អត្ថប្រយោជន៍ពន្ធដារដោយស្វ័យប្រវត្តិ, ការរៀបចំនីតិវិធីនៃការផ្តល់ការលើកទឹកចិត្តផ្នែកគយ, ការសិក្សាពីការសម្រួលនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណហាងលក់ទំនិញរួចពន្ធ (Duty Free) នៅតំបន់កោះរ៉ុង, ការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងដែលមានទំនាស់ព្រំដី និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង) ជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ព្រមទាំងការគាំទ្រដល់គម្រោងវិថីថ្មើរជើងតេជោ ដោយមានការចូលរួមយ៉ាងសកម្ម និង ការគាំទ្រពេញទំហឹង ពីក្រុមការងារ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការទាក់ទាញ និង ការថែរក្សាទំនុកចិត្តវិនិយោគិន និង ធុរជន គឺជាកិច្ចការដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដែលតាមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួត និង ធ្វើការរួមគ្នាដោយភាពស៊ីសង្វាក់គ្នា ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ហើយត្រូវលុបបំបាត់ ឬ កាត់បន្ថយជាអតិបរមា នូវរបាំងរដ្ឋបាលស្មុគស្មាញ, ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនរួមគ្នាដោយផ្ទាល់ និង ត្រូវដាក់ចេញនូវយន្តការសម្របសម្រួល/ដោះស្រាយបញ្ហា ប្រកបដោយសង្គតិភាព និង ប្រសិទ្ធភាព ។ បន្ថែមពីនេះ, រាល់ការសម្របសម្រួលនីតិវិធី និង ការផ្តល់ការលើកទឹកចិត្ត ត្រូវតែអនុវត្ត ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ។ 

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី ។ វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យរបស់ក្រុមការងារ នៅ ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕