ក្បួនដង្ហែសិស្សនិទ្ទេស A ដើម្បីអបអរសាទរការបំបែកកំណត់ត្រាសិស្សនិទ្ទេស រយៈពេល ១១ឆ្នាំ ជាប់ៗគ្នាសរុបចំនួន ៥៦២នាក់ និងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨%។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលដ៏ឆ្នើមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជាការបង្ហាញពីការយកចិត្តទុកដាក់របស់សាលារៀនសុវណ្ណាភូមិ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ពិធីនេះប្រព្រឹត្ដទៅដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំង លោកជំទាវ យូ ឃីម ធីឡាយ លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប សាស្ត្រាចារ្យ ជ័យ ថាវី សាស្ត្រាចារ្យឯកទេសគីមីវិទ្យា ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស យ៉ាងច្រើនកុះករ ដើម្បីបង្ហាញពីមោទកភាព និងអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ ជាពិសេសការបំបែកកំណត់ត្រាសិស្សនិទ្ទេសA រយៈពេល ១១ឆ្នាំ ជាប់ៗគ្នា សរុបចំនួន ៥៦២នាក់ និងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុត ៩៨% ទូទាំងប្រទេស។
ពិធីដង្ហែសមិទ្ធផលសិស្សនិទ្ទេស 🅰️ នៃសាលារៀនសុវណ្ណភូមិទូទាំងប្រទេស គឺជាសារលើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា គោរពវិន័យ មានការតស៊ូ និងកំណត់គោលដៅអនាគតឱ្យបានច្បាស់លាស់ ស្រមតាមចក្ខុវិស័យរបស់សាលារៀនសុវណ្ណភូមិគឺ សិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា ការងារ និងជីវិត ហើយក្លាយជាធនធានមនុស្សរបស់សង្គម ៕



