ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃអគារសិក្សាចំនួន ៩ ក្នុងស្រុកសំរោង ខេត្តតាកែវ ដើម្បីកំណត់អាទិភាពជួសជុល និងសាងសង់ឡើងវិញ
តាកែវ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមការងារ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តមអ្នកឧកញ៉ា បានបញ្ជាក់ថា ការចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពជាក់ស្ដែងនៃអគារសិក្សានាពេលនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់សាលារៀននីមួយៗ ព្រមទាំងកំណត់អាទិភាពសម្រាប់ការជួសជុល កែលម្អ និងសាងសង់ឡើងវិញ ឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងតម្រូវការរបស់គ្រឹះស្ថានសិក្សា។
ទន្ទឹមនឹងនេះ លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការលើកកម្ពស់វិស័យអប់រំ។
លោកបានគូសបញ្ជាក់ថា ការគាំទ្រ និងការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សា បានរួមចំណែកធ្វើឱ្យសាលារៀនកាន់តែមានសុវត្ថិភាព គុណភាព និងផាសុកភាព ស្របតាមតម្រូវការរបស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ នេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស សម្រាប់បម្រើដល់ការរីកចម្រើនរបស់សង្គមជាតិ។
គួរបញ្ជាក់ថា សាលារៀនទាំង ៩ ដែលត្រូវបានក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃ រួមមាន៖
១. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ២ ខ្នង។
២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ២ ខ្នង។
៣. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ២ ខ្នង។
៤. សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងធ្នង់ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ១ ខ្នង។
៥. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ១ ខ្នង។
៦. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៨ មានអគារចំនួន ២ ខ្នង។
៧. សាលារៀន ប៊ុន រ៉ានី ហ៊ុន សែន ស្ដុក សាងសង់ក្នុងឆ្នាំ១៩៩៧ មានអគារចំនួន ១ ខ្នង។
៨. សាលាបឋមសិក្សា ឱម សុផាត់ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ១ ខ្នង។
៩. សាលាបឋមសិក្សា បត់រកា សាងសង់ក្នុងឆ្នាំ១៩៩៧ មានអគារចំនួន ១ ខ្នង។
ជាលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃ ក្រុមការងារបានកំណត់យក សាលាបឋមសិក្សាបត់រកា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ជាសាលារៀនអាទិភាពសម្រាប់ចាប់ផ្ដើមអនុវត្តការងារជួសជុល និងកែលម្អ។
ការកំណត់សាលាបឋមសិក្សាបត់រកាជាអាទិភាពនេះ គឺដោយសារអគារសិក្សានៅទីតាំងនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវការការជួសជុល និងកែលម្អជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងបរិយាកាសសិក្សាដ៏សមស្របសម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។
ការចុះពិនិត្យ និងវាយតម្លៃនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះវិស័យអប់រំ និងសុខុមាលភាពរបស់កុមារ និងយុវជន តាមរយៈការជួយកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សា ដើម្បីបង្កើតបរិយាកាសអប់រំកាន់តែល្អប្រសើរ មានសុវត្ថិភាព និងរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕



