ក្រុមហ៊ុន Ming Yang Smart Energy Group Co., Ltd. គឺជាក្រុមហ៊ុនថាមពលខ្យល់ និងថាមពលស្អាតឈានមុខគេលើពិភពលោក
ខេត្តក្វាងទុង ប្រទេសចិន៖ មន្ត្រីទូរទស្សន៍ជាតិកម្ពុជា (ទទក) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលស្អាត នៅក្រុមហ៊ុន Ming Yang Smart Energy Group Co., Ltd. ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងទីក្រុង Zhongshan ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
ក្រុមហ៊ុន Ming Yang Smart Energy Group Co., Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ និងជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិតទួរប៊ីនខ្យល់ (Wind Turbines) ព្រមទាំងជាអ្នកផ្តល់សេវាថាមពលស្អាតដ៏ធំមួយ ដើម្បីជំរុញការផ្លាស់ប្តូរថាមពលឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនកម្រិតសូន្យ (Net Zero)។
ក្រុមហ៊ុននេះមានសមិទ្ធផលលេចធ្លោជាច្រើននៅលើឆាកអន្តរជាតិ រួមមាន៖
– ជាប់ចំណាត់ថ្នាក់ទី១៧ ក្នុងចំណោមសហគ្រាសថាមពលថ្មីកំពូលទាំង ៥០០ លើពិភពលោក (Global Top 500 New Energy Enterprises) និងស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេនៃសហគ្រាសកំពូលទាំង ៥០០ របស់ប្រទេសចិន។
-កាន់កាប់ចំណែកទីផ្សារថាមពលខ្យល់ធំជាងគេលំដាប់កំពូលទាំង ៣ លើពិភពលោក និងឈានមុខគេលើការច្នៃប្រឌិតបច្ចេកវិទ្យាថាមពលខ្យល់នៅឯនាយសមុទ្រ (Offshore Wind Innovation)។
- បច្ចុប្បន្ន ផលិតផល និងដំណោះស្រាយបច្ចេកវិទ្យារបស់ក្រុមហ៊ុន បាននិងកំពុងផ្គត់ផ្គង់ដល់ប្រទេសជាង ៦០ ជុំវិញពិភពលោក ទាំងនៅទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក (រួមទាំងប្រទេស វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ អូស្ត្រាលី និងឈីលី) ជាមួយនឹងគម្រោងថាមពលថ្មីជាង ២,២០០ គម្រោង ដែលកំពុងដំណើរការ។
ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ក្នុងការស្វែងយល់កាន់តែច្បាស់អំពីភាពជឿនលឿននៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការអភិវឌ្ឍថាមពលបៃតងប្រកបដោយចីរភាព។



