លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ និងផែនការសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសៅរ៏ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម មីន អោង ឡាំង(MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា និងការត្រៀមចល័តកម្លាំងសិក្ខាកាមជំនាន់ទី៤៧ចូលហ្វឹកហ្វឺនវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

នៅក្នុងខែសីហា ឆ្នាំ២០២៦កងរាជអាវុធហត្ថបានសហការការពារសន្តិសុខ រក្សាសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល គណៈប្រតិភូជាតិ-អន្តរជាតិ កិច្ចប្រជុំធំ-តូច ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ/ផ្លូវការ ពិធីសម្ពោធសមិទ្ធផលនានាទាំងផ្នែកពុទ្ធចក្រ អាណាចក្រ ពិធីបុណ្យជាតិ បុណ្យសាសនា និងពិធីបុណ្យសំខាន់ៗ និងការចូលសំចតនាវាយោធាបរទេសនៅកំពង់ផែរាម និងកំពង់ផែស្វ័យត ខេត្តព្រះសីហនុ។ ក្រៅពីនេះកម្លាំងកងរាជអាវុធហត្ថក៏បានចូលរួមចំណែកនៅក្នុងកិច្ចសហការដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) សហការស្រាវជ្រាវរកទីតាំងជនសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរ សហការការពារសន្តិសុខជូនជនបរទេសពាក់ព័ន្ធស្កេមអនឡាញ បង្រ្កាបករណីជួញដូរមនុស្ស ជួញដូរគ្រឿងញៀន…។ល។ ទន្ទឹមនោះកម្លាំងកងរាជអាវុធហត្ថក៏បានចូលរួមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ បាក់ច្រាំងទន្លេជាដើម។

ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ានៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម មីន អោង ឡាំង(MIN AUNG HLAING)ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦នាសប្តាហ៏ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយផងដែរ។