ពុទ្ធិកសមាគមកម្ពុជរដ្ឋជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រះសង្ឃស្រីលង្កា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព្រះពុទ្ធសាសនា

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រះសង្ឃមកពីប្រទេសស្រីលង្កា ក្រោមអធិបតីភាព ព្រះឥន្ទមុនី សំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅនៅទីស្នាក់ការកណ្តាល ពុទ្ធិកសមាគមកម្ពុជរដ្ឋ។ គណៈប្រតិភូព្រះសង្ឃស្រីលង្កា ដឹកនាំដោយ ព្រះតេជគុណបណ្ឌិត ម៉ៃទិបេ វិមលសារៈ មហាថេរ អគ្គលេខាធិការក្រុមប្រឹក្សាព្រះសង្ឃព្រះពុទ្ធសាសនាពិភពលោក និង ព្រះតេជគុណបណ្ឌិត ពោទគាម៉ះ ចន្ទិមា មហានាយកៈថេរ នាយកគណៈកម្មាធិការវប្បធម៌ ក្រុមប្រឹក្សាព្រះសង្ឃពុទ្ធសាសនាពិភពលោក ដែលបាននិមន្តមកពីប្រទេសស្រីលង្កា ដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងកិច្ចការព្រះពុទ្ធសាសនា និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពី គណៈកម្មការនាយកនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។ ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសទ្ធា សាមគ្គីភាព និងភាពស្និទ្ធស្នាល ក្នុងគោលបំណងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះសង្ឃ និងស្ថាប័នព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា និងស្រីលង្កា។ជំនួបនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងការអភិរក្ស និងលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងការអប់រំសីលធម៌ ព្រមទាំងការបន្តផ្សព្វផ្សាយព្រះធម៌ឱ្យមានភាពរស់រវើក និងសមស្របទៅនឹងបរិបទសង្គមបច្ចុប្បន្ន។ តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវស្មារតីរួមក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកព្រះពុទ្ធសាសនា ដោយចាត់ទុកព្រះពុទ្ធសាសនាជាស្ពានសម្រាប់ភ្ជាប់មនុស្ស សង្គម និងវប្បធម៌ ព្រមទាំងជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់សីលធម៌ ការគោរពគ្នា និងការរួមរស់ដោយសុខដុមរមនា។ ព្រះពុទ្ធសាសនា មិនត្រឹមតែជាមរតកខាងសាសនា និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាស្ពាននៃមិត្តភាព ការផ្លាស់ប្តូរចំណេះដឹង និងការរួមចំណែកកសាងមនុស្ស និងសង្គមឱ្យកាន់តែល្អប្រសើរ។