ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ គណៈកម្មាធិការ អ.ន.ក.តាមវិស័យ
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ចំនួន ១៧ (ក្រសួង ស្ថាប័ន)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំគណៈអចិន្រ្តៃយ៍ អ.ន.ក. រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.តាមវិស័យ ចំនួន ១៧ក្រសួង ស្ថាប័ន ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធ សរុប ១៣៥នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គន់ គីម មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យតាមដានការងាររបស់គណៈកម្មាធិការ អ.ន.ក.តាមវិស័យ ដែលអនុវត្តក្នុងរយៈពេល៦ខែ ក្រោយពីបានប្រកាសសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងមក។
ក្នុងនាម អគ្គលេខាធិការសមាគម ឯកឧត្តម គន់ គីម សូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមតាមវិស័យ ដែលបានសហការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានក្នុងវិស័យរបស់ខ្លួន ក៏ដូចជាបានចូលរួមសម្របសម្រួលទៅតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។
ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា យោងតាមរបាយការណ៍របស់អ.ន.ក.តាមវិស័យនីមួយៗ បានរួមចំណែកក្នុងសកម្មភាពការងារទៅតាមជំនាញ ដើម្បីជួយដោះស្រាយបញ្ហានានា ពិសេសការកំណត់ពីទិន្នន័យនៃនិវត្តជនដែលចូលជាសមាជិក ដោយការធ្វើសកម្មភាពជួបសំណេះសំណាល និងចុះសួរសុខទុក្ខ អតីតយុទ្ធជន និងនិវត្តជនតាមវិស័យជាដើម។
ឯកឧត្តម គន់ គីម ថ្លែងថា ការខិតខំជួយជ្រោមជ្រែងជាប្រយោជន៍បម្រើដល់អតីតយុទ្ធជន និងនិវត្តជន ដោយសារ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងជាអតីតនាយករដ្ឋមន្រ្តី មិនបំភ្លេចនូវការធ្វើពលីកម្ម និងការជួយអភិវឌ្ឍជាតិរវាងអតីតយុទ្ធជន និងនិវត្តជនឡើយ ព្រោះគិតចាប់ពីប្រទេសធ្លាក់ក្នុងសង្គ្រាមផ្ទៃក្នុង រហូតដល់ការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ គឺប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍរីកចម្រើន បានមកដោយសារគុណបំណាច់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាយើង។
ឯកឧត្តម គន់ គីម បានស្នើដល់គណៈកម្មាធិការ អ.ន.ក.តាមវិស័យដែលមិនទាន់មានសមាគម សូមពិនិត្យពីទិន្នន័យនិវត្តជនក្នុងវិស័យរបស់ខ្លួន ដើម្បីបញ្ជូនមកគណៈកម្មាធិការកណ្តាល អ.ន.ក. ដើម្បីរៀបចំបញ្ជូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាគម ក៏ដូចជាត្រៀមក្នុងការផលិតបណ្ណសម្គាល់សមាជិកសមាគមផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនដែលជាសមាជិក អ.ន.ក.។
ដោយឡែក ចំពោះគណៈកម្មាធិការ អ.ន.ក.តាមវិស័យដែលមានសមាគមរួចរាល់ ឯកឧត្តម គន់ គីម បានសំណូមពរឱ្យបន្តសកម្មភាពទៅតាមគោលការណ៍ និងយន្តការដែលខ្លួនបានអនុវត្តជូនសមាជិកដូចសព្វមួយដង៕



