សមាគមនារីខេត្តព្រះសីហនុ ចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ១០៧៥ គ្រួសារ នៅស្រុកព្រៃនប់

រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពលដោយឥតគិតថ្លៃចំនួន ១០៧៥ គ្រឿង ជូនដល់ប្រជាពលរដ្ឋក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កម្មវិធីនេះប្រារព្ធឡើងក្រោមការដឹកនាំផ្ទាល់ពី លោកស្រី ម៉ាក សំណាង ប្រធានសមាគមនារីខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គីម សុភ័ក្ត្រ ម៉ាង សុីណេត ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ អនុសាខាសមាគមនារីស្រុក មេឃុំ និងមេភូមិ។

ក្នុងឱកាសនោះ លោកស្រី ម៉ាក សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយ នឹករលឹកពីសំណាក់ លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ជូនចំពោះលោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបានជូនពរឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងមានអាយុយឺនយូរ ដើម្បីបន្តស្នាមញញឹមក្នុងគ្រួសារ និងសហគមន៍៕