លោកជំទាវ ទេស ផល្លីន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ
ភ្នំពេញ៖ លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សោកសៅនេះ លោកជំទាវ ទេស ផល្លីន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន បានសម្តែងនូវសមានចិត្តសោកស្តាយ និងសោកសង្រេងយ៉ាងក្រៀមក្រំចំពោះការបាត់បង់ឯកឧត្តម តី ម៉ាលី ដែលជាថ្នាក់ដឹកនាំមួយរូប និងជាមន្ត្រីរាជការដែលបានបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ព្រមទាំងរួមចំណែកក្នុងការងារវិស័យព័ត៌មានកន្លងមក។
ជាមួយគ្នានេះ លោកជំទាវ ទេស ផល្លីន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ឯកឧត្តម តី ម៉ាលី ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជីតា និងសមាជិកគ្រួសារជាទីគោរពស្រឡាញ់។
សូមវិញ្ញាណក្ខន្ធឯកឧត្តម តី ម៉ាលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



