ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ
ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឯកឧត្តម តី ម៉ាលី បានទទួលមរណភាពនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣៨នាទីទៀបភ្លឺ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ។ ឯកឧត្តម ត្រូវជាស្វាមីរបស់លោកជំទាវ បាន ផល្លី និងជាឪពុកបង្កើតរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសន្សំកុសល។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន បានសម្តែងនូវក្តីក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណភាពរបស់ ឯកឧត្តម តី ម៉ាលី ដែលជាការបាត់បង់ថ្នាក់ដឹកនាំមួយរូប និងជាធនធានមនុស្សដែលមានបទពិសោធន៍ក្នុងវិស័យព័ត៌មាន។
ឯកឧត្តម តី ម៉ាលី បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងមាតុភូមិ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាន ប្រកបដោយស្មារតីទទួលខុសត្រូវ និងភក្តីភាព។ ការបាត់បង់របស់ឯកឧត្តម គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបសម្រាប់ក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅជាមួយលោកជំទាវ បាន ផល្លី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់ដ៏ក្រៀមក្រំនេះ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី សូមបានទៅកាន់សុគតិភព និងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕



