តួរលេខមនុស្សស្លាប់ទាំងពីរភាគីចិន-នេប៉ាល់កើនដល់១០០០នាក់ បាត់ខ្លួន៤៤០០នាក់! ខណៈអាជ្ញាធរនេប៉ាល់សម្រេចបញ្ចុះសពមិនស្គាល់អត្តសញ្ញាណក្នុងព្រៃដើម្បីបញ្ចៀសហានិភ័យសុខភាព

នៅក្នុងស្រុក Chitwan ភាគខាងត្បូងប្រទេសនេប៉ាល់ អាជ្ញាធរបាននិយាយថា ពួកគេកំពុងបញ្ចុះសពមនុស្សជាបណ្តោះអាសន្នចំពោះសពដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងលេណដ្ឋានដែលជីកនៅក្នុងតំបន់ព្រៃឈើ ដើម្បីបញ្ចៀសនូវការព្រួយបារម្ភអំពីហានិភ័យផ្នែកសុខភាពកើនឡើង។ ស្របពេលដែលសពមនុស្សជាច្រើនទៀតដែលបានហូរចុះទៅផ្នែកខាងក្រោម បន្ទាប់ពីមានទឹកជំនន់ភ្លាមៗដ៏សាហាវបោកផ្ទប់ហូរនាំពួកគេកាលពីថ្ងៃពុធសប្តាហ៍មុន។ អាជ្ញាធរបាននិយាយថា ការបញ្ចុះសពត្រូវបានធ្វើឡើងស្របតាមពិធីសារគ្រប់គ្រងគ្រោះមហន្តរាយដែលទទួលយកជាអន្តរជាតិ រួមទាំងពិធីសាររបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ជាជាងបែបសាសនា។ សពជាច្រើនត្រូវបានគេដឹករាប់រយគីឡូម៉ែត្រ ទៅកាន់ផ្នែកខាងក្រោមនៃទន្លេ Bhotekoshi ពីចំណុចកណ្តាលនៃទឹកជំនន់ល្បាប់។ លោក Anil Thapa អធិការប៉ូលីសសម្របសម្រួលការដោះស្រាយស្វែងរកសពមនុស្ស បាននិយាយថាសពចំនួន ១៩៩សព ត្រូវបានគេបូជា ឬ បញ្ចុះជាបណ្តោះអាសន្នរហូតរួចហើយមកដល់ពេលនេះ។ លោកបញ្ជាក់ថាអាជ្ញាធរបានរក្សាទុកគំរូ DNA របស់សព និងកត់ត្រាព័ត៌មានលម្អិតផ្សេងទៀតអំពីអត្តសញ្ញាណពួកគេ ដើម្បីស្វែងរកសាច់ញាតិនៅពេលក្រោយ។ សពទាំងនោះត្រូវបានផ្តល់លេខរៀងយោង ដើម្បីងាយស្រួលជួយក្រុមគ្រួសារទាមទារយកសពពីកន្លែងបញ្ចុះនៅពេលក្រោយ។ លោក Thapa បាននិយាយថាសពជាច្រើនបានលិចក្នុងទឹកជំនន់អស់រយៈពេលជាច្រើនថ្ងៃ ហើយបានរលួយទៅហើយនៅពេលដែលរកឃើញពួកគេ ដូច្នេះមិនអាចយកមកកាន់ផ្នែកខាងលើឲ្យគ្រួសារពួកគេបានទេ។ នៅក្នុងស្រុក Chitwan ដដែល មានស្រ្តីជាម្តាយម្នាក់បានកាន់ទុក្ខកូនប្រុសអាយុ២១ឆ្នាំរបស់នាងដែលបានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗ ហើយត្រូវបានបូជាភ្លាមៗកាលពីថ្ងៃច័ន្ទ។ នាង មូណា ខាដកា ជាម្តាយរបស់យុវជន អាយូស ខាដកា បានយំសោកស្តាយជាពន់ពេក ចំពោះការបាត់បង់មួយនេះ ត្រឹមមួយប៉ព្រិចភ្នែកអំឡុងពេលរៀបចំបូជាសពកូនរបស់នាង។ ទឹកជំនន់ដ៏មហន្តរាយនៅតាមព្រំដែននេប៉ាល់-ចិនរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សរាប់រយនាក់ ដោយចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសនេប៉ាល់ និងចិនកើនជិត១០០០នាក់ និងមនុស្សជាង ៤៤០០នាក់ បានបាត់ខ្លួន។ មន្ត្រីបាននិយាយថា ការបញ្ចុះសពគឺជាវិធានការបណ្តោះអាសន្នដែលចាំបាច់បំផុតត្រូវតែធ្វើដោយសារគិតគូរអំពីកង្វល់សុខភាព និងសមត្ថភាពមានកំណត់។ មន្ត្រីបាននិយាយថា នៅពេលដែលក្រុមគ្រួសារអាចផ្ទៀងផ្ទាត់អត្តសញ្ញាណបាន ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យជីកយកសពនោះនៅពេលក្រោយ សម្រាប់ធ្វើពិធីបុណ្យសពជាចាំបាច់ តាមលទ្ធភាពគ្រួសារ។ បញ្ហានេះមានភាពរសើបខ្លាំងណាស់ ជាពិសេសនៅក្នុងប្រទេសនេប៉ាល់ ដែលជាប្រទេសកាន់សាសនាហិណ្ឌូភាគច្រើន ជាកន្លែងដែលមានមនុស្ស ស្លាប់ត្រូវបានបូជាតាមប្រពៃណីជារឿងចាំបាច់ហើយពិធីបុណ្យសពត្រូវបានធ្វើឡើងសម្រាប់ជនរងគ្រោះដោយទឹកជំនន់មួយចំនួនយោងទៅតាមពិធីសាសនាហិណ្ឌូដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ