ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកកម្មករបាត់ខ្លួនជាង៩០០នាក់តាមផ្លូវរូងក្រោមដីនៃគម្រោងវារីអគ្គិសនីចំនួន១២ផ្សេងគ្នានៅនេប៉ាល់! ក្រោយពីរកឃើញសពមនុស្ស៤នាក់រុំដោយភក់ស្អិត

ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកកម្មករដែលជាប់គាំងនៅខាងក្នុងរូងក្រោមដីក្រោយគ្រោះទឹកជំនន់ល្បាក់ភក់កាលពីថ្ងៃពុធនេះ ដោយពួកគេត្រូវតែជីកឆ្លងកាត់ផ្លូវរូងក្រោមដីជាច្រើននៅរោងចក្រថាមពលនេប៉ាល់ដែលលិចទឹក។ ពួកគេបានប្រញាប់ប្រញាល់ជួយសង្គ្រោះកម្មកររាប់រយនាក់ដែលគេជឿថាជាប់នៅក្នុងផ្លូវរូងក្រោមដីនោះចាប់ពីថ្ងៃច័ន្ទម្សិលមិញ នៅកន្លែងសាងសង់វារីអគ្គិសនីដែលត្រូវបានកប់នៅក្នុងភក់ដោយទឹកជំនន់ល្បាក់ភក់ដ៏មហន្តរាយនៅតាមព្រំដែននេប៉ាល់-ចិន ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើង ហើយក្រុមគ្រួសារពួកគេក៏អស់សង្ឃឹមកាន់តែខ្លាំងឡើងៗ ដោយការស្វែងរកមនុស្សជាទីស្រលាញ់ដែលបាត់ខ្លួនកាន់តែអូសបន្លាយយូរថ្ងៃ។ ករណីមនុស្សស្លាប់រួមបញ្ចូលគ្នានៅក្នុងប្រទេសនេប៉ាល់ និងប្រទេសចិនបានកើនលើសពី៩៥០នាក់ ដោយមានមនុស្សជាង៤៤០០នាក់នៅតែបានបាត់ខ្លួន។ សមាគមវិស័យឯកជនដែលតំណាងឱ្យក្រុមហ៊ុនថាមពលបាននិយាយថា យ៉ាងហោចណាស់មានកម្មករ៩០០នាក់បានបាត់ខ្លួននៅគម្រោងវារីអគ្គិសនីចំនួន១២ផ្សេងគ្នាដែលខូចខាតដោយសារទឹកជំនន់ភ្លាមៗនៅក្នុងស្រុក Rasuwa និង ស្រុក Nuwakot ផងរបស់ប្រទេសនេប៉ាល់។ ក្នុងនោះកម្មករប្រហែល៥០០នាក់ក្នុងចំណោមកម្មករទាំងនោះ ត្រូវបានគេជឿថាជាប់នៅក្នុងផ្លូវរូងក្រោមដី។ យ៉ាងហោចណាស់អ្នកជំនាញម្នាក់បាននិយាយថា កម្មករមួយចំនួនអាចមានអុកស៊ីសែន ប៉ុន្តែអ្នកផ្សេងទៀតបានព្រមានថាឱកាសនៃការស្វែងរកអ្នករស់រានមានជីវិតកំពុងថយចុះទៅយ៉ាងលឿនដែរ។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកាន់តែខ្លាំងឡើង សពមនុស្សចំនួន៤នាក់ ក៏ត្រូវបានរកឃើញយកចេញពីផ្លូវរូងក្រោមដីជាបណ្តើរៗដែរ ដែលសពពួកគេពោរពេញរុំជិតដោយភក់ស្អិត នេះ ជាអ្វីដែលកងទ័ពនេប៉ាល់បាននិយាយ។ អ្នកជំនាញ​ផ្នែក​គ្រោះមហន្តរាយ​បាន​និយាយ​ថា នៅពេល​ដែល​ផលវិបាក​ភ្លាមៗ​នៃ​គ្រោះមហន្តរាយ​ត្រូវបាន​ដោះស្រាយ នឹងមានសំណួរលើកឡើង​ថា​តើ​ត្រូវ​ស្តារ​រោងចក្រ​ថាមពលអគ្គិសនី វារីអគ្គិសនី ផ្លូវថ្នល់ ស្ពាន សាលារៀន និង​មណ្ឌល​សុខភាព​ឡើងវិញ​ដោយ​របៀប​ណា ​ដោយ​មិន​ធ្វើ​ឲ្យ​ពួកគេត្រូវ​ប្រឈម​នឹង​ភាពងាយរងគ្រោះ​ម្តងទៀតដូចពេលនេះ?

សម្រួលអត្ថបទ៖​ សុផារិន្ទ