អាជីវករនៅផ្សារនាគមាស ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យ ចំនួន ២១១ស្តង់ ទទួលអំណោយរបស់ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
ភ្នំពេញ ៖ អាជីវករនៅផ្សារនាគមាស ចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យ ដោយក្នុងមួយស្តង់ ទទួលបានថវិកាចំនួន១លានរៀល ដែលថវិកាទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលនាំយកមកចែកជូនដោយឯកឧត្តម ហួត ហៃ អភិបាលរាជធានីភ្នំពេញ ស្តីទី។
ឯកឧត្តម ហួត ហៃ ក្នុងឱកាសនោះ បានចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនអាជីវករលក់បន្លែ និងផ្លែឈើទាំងអស់ដែលទទួលរងគ្រោះដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលធ្វើឱ្យស្តង់លក់ដូរទាំង២១១ស្តង់ ត្រូវបានអគ្គីភ័យឆាឆេះអស់ទាំងស្រុង បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង បានចាត់ក្រុមអន្តរាគមន៌ជួយពន្លត់ប្រឹងប្រែងយ៉ាងទាន់ពេលវេលាក៏ដោយ។ ឯកឧត្តម ហួត ហែ បន្តថា ដោយមើលឃើញទុក្ខលំបាករបស់បងប្អូនជាអាជីវករ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ដល់ថវិកាជូនតាមរយៈ រូបលោក ដែលជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកថវិកាមកប្រគល់ជូនបងប្អូនអាជីវករទាំង២១១ស្តង់ ពោលគឺក្នុងមួយស្តង់ទទួលបានថវិកា ១លានរៀល។
ឯកឧត្តម ហួត ហៃ បានបន្តទៀតថា៖ ចំពោះមុខនៃទុក្ខលំបាកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាផ្សារលក់បន្លែ និងផ្លែឈើជាបណ្ដោះអាសន្ន នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ ដោយរង់ចាំឱ្យម្ចាស់ផ្សារ និងអាជ្ញាធរ សាងសង់តូប/ស្តង់ឡើងវិញ ទៅតាមទំហំ និងទីតាំងនៅក្នុងផ្សារនាគមាសដដែល។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ ១៤០ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះតូបចំនួន២១១តូប រួមនឹងសម្ភាររបស់អាជីវករជាច្រើនទៀត តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសនោះឡើយ។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕




