គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាធារណៈ» នៅសិង្ហបុរី

សិង្ហបុរី៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចំនួន ៣០រូប មកពីបណ្តាក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងអភិបាលកិច្ចសាធារណៈសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា» ដែលបានប្រព្រឹត្តទៅនៅសាធារណរដ្ឋសិង្ហបុរី រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការពង្រឹងសមត្ថភាពដឹកនាំស្ថាប័ន អភិបាលកិច្ចល្អ ការគ្រប់គ្រងសមិទ្ធកម្ម ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យ ដើម្បីធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ។

តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធជាមួយសិង្ហបុរី សិក្ខាកាមកម្ពុជាទទួលបានទស្សនៈ និងឧត្តមានុវត្តន៍ថ្មីៗ ដែលអាចយកទៅអនុវត្តក្នុងការដឹកនាំ កែទម្រង់ និងធ្វើទំនើបកម្មស្ថាប័នរដ្ឋ។

ការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពឆ្នាំ២០២៦ របស់បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕