ភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន៣៤រូបបន្ថែមទៀត ត្រៀមចេញទៅបន្តការសិក្សាកម្រិតឧត្តមសិក្សានៅតាមសកលវិទ្យាល័យនានា ក្នុងប្រទេសរុស្ស៊ី មានទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
ក្នុងចំណោមនិស្សិតជ័យលាភីទាំងនោះ នឹងត្រូវសិក្សាទៅលើជំនាញផ្សេងៗ ដូចជាទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច និងទន្តសាស្រ្ត វិស្វកម្មយន្តហោះ ជាដើម។ មុនការចាកចេញពីមាតុប្រទេស ក្រុមនិស្សិតកម្ពុជា ត្រូវបានទទួលជួបសំណេះសំណាលពីលោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការក្រសួងការបរទេស។
ក្នុងជំនួបលោកជំទាវបានមានមតិណែនាំដល់ក្រុមនិស្សិតទាំងអស់ឱ្យព្យាយាមសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធថ្មីៗឱ្យបានច្រើន ហើយពាំនាំនូវចំណេះដឹងទាំងនោះមកអភិវឌ្ឍប្រទេសជាតិវិញ នៅពេលបញ្ចប់ការសិក្សា។
និស្សិតគ្រប់រូប ត្រូវចូលរួមចំណែកលើកតម្កើងកិត្តិយសជាតិ និងផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក ហើយលោកស្រី ក៏បានចែករំលែកព័ត៌មានមួយចំនួនអំពីរុស្ស៊ីដល់ក្រុមនិស្សិត និងបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងរុស្ស៊ី រយៈពេល៧ទស្សវត្សរ៍កន្លងមក៕




