ប្រជាពលរដ្ឋប្រទះឃើញដំរីព្រៃមួយហ្វូង ចូលមកក្បែរភូមិអ្នកស្រុកក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយបុគ្គលិកជំនាញមកពីអង្គការ WCS និងរដ្ឋបាលស្រុកត្បែងមានជ័យ បាននិងកំពុងតាមដានដំណើរនិងស្នាក់នៅរបស់ដំរីព្រៃមួយហ្វូង សរុបចំនួន៦ក្បាល ក្នុងនោះមានកូនតូចចំនួន១ ក្បាល នៅដែលបានដើរចូលមកក្បែរ នៅចំណុចព្រៃកែង ស្រោងស្រឡៅ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរកា ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្រុមការងារបានចុះអង្កេតឃ្លាំមើលជាក់ស្តែង និងប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដើម្បីត្រួតពិនិត្យរកឃើញហ្វូងសត្វដំរី ស្ថិតនៅចម្ងាយប្រហែល៣គីឡីម៉ែត្រពីភូមិប្រជាពលរដ្ឋ។ ហ្វូងដំរីខាងលើ បានធ្វើដំណើរនិងរស់នៅ ដោយមិនបង្កបញ្ហាអ្វីជាមួយមនុស្ស នៅចំណុចអូរស្រោងស្រឡៅ ដែលអាចកន្លែងស្នាក់នៅ របស់ពួកវាតែម្តង។ កន្លងមកមានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋអំពីការព្រួយបារម្ភ និងការប៉ះពាល់ដំណាំនៅតំបន់នោះមួយចំនួន ប៉ុន្តែក្រុមការងារ បាននិងកំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ព្រំទាំងបានចុះអប់រំដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់ក្បែរនោះ ឲ្យមានចំណេះដឹង ចូលរួមការពារ និងអភិរក្ស ជៀសវាងការបរបាញ់ មានជម្លោះជាមួយសត្វដំរីព្រៃ ឬដំរីអាស៊ី ដែលប្រភេទសត្វកម្រជិតផុតពូជ និងធានាការរស់នៅរបស់ដំរីព្រៃត្រឡប់ចូលព្រៃវិញ។

សូមបញ្ញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ សត្វដំរីព្រៃ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានចន្លោះពី១៥ក្បាល ទៅ ២០ក្បាល ដែលត្រូវបានយកចិត្តទុកដាក់ និងអភិរក្សខ្លាំងបំផុត។ ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីការស្រាវជ្រាវរបសើមន្រ្តីជំនាញ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធ នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីឬដំរីព្រៃ បានរស់នៅជាហ្វូង ហើយមានឃើញ កូនតូចៗជាច្រើនថែមទៀត ដែលមានប្រមាណចន្លោះពី៤០០ទៅ៦០០ក្បាល។ ការបង្ហាញវត្តមានហ្វូងដំរីជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សបរិស្ថានដែលបានបង្ហាញពី ប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរី ដែលជិតផុតពូជនៅលើពិភពលោក ក៏ដូចជាជួយថែរក្សាលំនឹងបរិស្ថាន និងការពារកេរដំណែលធម្មជាតិ៕