ខណៈទឹកទន្លេសាបកំពុងឡើង អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យការសាងសង់ស្ថានីយបូបទឹក គីឡូម៉ែត្រលេខ៩

ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ព្រមទាំងពិនិត្យស្ថានភាពទឹកទន្លេសាបដែលកំពុងមានកម្ពស់កើនឡើង ដោយផ្តោតសំខាន់លើការត្រៀមបង្ការ និងការធានាសុវត្ថិភាព សុខទុក្ខ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋតាមតំបន់មាត់ទន្លេ។

ក្នុងឱកាសចុះពិនិត្យនេះ លោកអភិបាលខណ្ឌ បានយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និង វឌ្ឍនភាពនៃការសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមដោះស្រាយ បញ្ហាទឹកជំនន់ និង ការពារផល ប៉ះពាល់ ដែលអាចកើតមានចំពោះប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

លោកអភិបាលខណ្ឌ បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយមាត់ទន្លេ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗ និងមនុស្សចាស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានដោយសារការលង់ទឹក ការឆ្លងចរន្តអគ្គិសនី ឬ ការរងគ្រោះពីសត្វអសិរពិស ដែលអាចចូលមកកាន់តំបន់រស់នៅនៅពេលទឹកឡើង។

លោកក៏បានណែនាំឱ្យ ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់លើសុខភាព និងអនាម័យរស់នៅក្នុងអំឡុងពេលមានការប្រែប្រួលស្ថានភាពទឹក ដោយអនុវត្តអនាម័យជាប្រចាំ តាមរយៈការរក្សាគោលការណ៍ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ដើម្បីការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ៕