កូនត្រីប្រមាណ ១០០.០០០ក្បាល បានប្រលែងចូលទៅក្នុងអាងទន្លេសេសាន ខេត្តស្ទឹងត្រែង ដោយវារីអគ្គិសនីសេសានក្រោម ២ របស់ក្រុមហ៊ុន China Huaneng ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនៃតំបន់អាងស្តុកទឹក
វារីអគ្គិសនីសេសានក្រោម ២ បានប្រលែងកូនត្រីធម្មជាតិ ដែលមានគុណភាពខ្ពស់ចំនួន ១០០,០០០ ក្បាល នៅក្នុងអាងទន្លេសេសាន នៃខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាធ្វើជាសាក្សីនៃសកម្មភាពជាក់ស្តែងដែលកម្ពុជា ចិន ចាប់ដៃគ្នាក្នុងការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយភាពបៃតងកាន់តែស៊ីជម្រៅ។
ពិធីប្រលែងកូនត្រីធម្មជាតិប្រចាំឆ្នាំ ២០២៦នេះ ត្រូវបានរៀបចំដោយវារីអគ្គិសនីសេសានក្រោម ២ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន China Huaneng និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដោយមានការអញ្ជើញចូលរួមពីតំណាងជាង ៤០០ នាក់ មកពីរដ្ឋបាលជលផលកម្ពុជា មន្ទីរពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងតំណាងមកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន។
បន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរាយការណ៍អំពីវឌ្ឍនភាពនៃការងារអភិរក្សជីវចម្រុះក្នុងទឹក និងការត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់អាងស្តុកទឹកសេសាន រួចមក ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តទទួលខុសត្រូវរបស់វារីអគ្គិសនីសេសានក្រោម ២ របស់ក្រុមហ៊ុនChina Huaneng ដែលតែងតែចាក់ឫសយ៉ាងជ្រៅក្នុងតំបន់ ប្រកាន់ខ្ជាប់នូវគោលការណ៍ការពារបរិស្ថាន និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការងារសុខុមាលភាពសាធារណៈ និងការអភិរក្ស។
ឯកឧត្តម បានបញ្ជាក់ថា ការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ មិនអាចខ្វះបានឡើយនូវការចូលរួមសហការពីគ្រប់ភាគី ព្រមទាំងបានអំពាវនាវដល់រដ្ឋាភិបាល សហគ្រាស និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតយន្តការរយៈពេលវែងសម្រាប់ការពារធនធានមច្ឆជាតិ ប្រមូលផ្តុំកម្លាំងសាមគ្គីភាពក្នុងការការពារទឹក និងមច្ឆជាតិ ព្រមទាំងកសាង និងចែករំលែកមនសិការអេកូឡូស៊ី ដើម្បីបន្តកសាងរបាំងសន្តិសុខអេកូឡូស៊ីនៅក្នុងអាងទន្លេសេសានឱ្យកាន់តែរឹងមាំ។
សកម្មភាពប្រលែងកូនត្រីលើកនេះ ត្រូវបានរៀបចំឡើងយ៉ាងល្អដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិទ្យាសាស្ត្រ ស្តង់ដារ និងបទដ្ឋានត្រឹមត្រូវពេញមួយដំណើរការ ដោយកូនត្រីដែលបានលែងរួមមានពូជត្រីសេដ្ឋកិច្ចក្នុងស្រុក និងពូជត្រីដែលរងការគំរាមកំហែងជាច្រើនប្រភេទ។ កូនត្រីទាំងអស់ត្រូវបានបង្កាត់ពូជយ៉ាងជំនាញដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹង ដែលធានាបាននូវសុខភាពរឹងមាំ សមត្ថភាពបន្ស៊ាំទៅនឹងបរិស្ថានខ្ពស់ អាចសម្របខ្លួនបានយ៉ាងលឿនទៅនឹងលក្ខខណ្ឌទឹកធម្មជាតិនៃអាងទន្លេសេសាន ដែលធានាបាននូវប្រសិទ្ធភាពជាក់ស្តែងនៃការប្រលែងកូនត្រី និងការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។
ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការសំខាន់មួយនៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយ និងជាគម្រោងថាមពលស្អាតដែលកំពុងដំណើរការធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន វារីអគ្គិសនីសេសានក្រោម ២ តែងតែប្រកាន់ខ្ជាប់នូវទស្សនទាននៃការអភិវឌ្ឍប្រកបដោយភាពបៃតងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទប្បញ្ញត្តិការពារបរិស្ថានរបស់កម្ពុជា ទាញយកបទពិសោធន៍ដ៏ល្អនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងទឹករបស់ប្រទេសចិន និងបានបញ្ចូលការងារការពារបរិស្ថានទៅក្នុងវដ្តប្រតិបត្តិការទាំងមូលរបស់ស្ថានីយ៍វារីអគ្គិសនី។
ស្ថានីយ៍វារីអគ្គិសនីបានជំរុញជាប្រចាំនូវការងារសំខាន់ៗ ដូចជាការលែងកូនត្រី ការគ្រប់គ្រង និងថែរក្សាផ្លូវត្រីធ្វើចរាចរណ៍ និងការត្រួតពិនិត្យប្រព័ន្ធអេកូឡូស៊ីក្នុងអាងទន្លេ ដោយបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យការធ្វើចរាចរណ៍របស់ត្រីបែបឆ្លាតវៃ និងបើកចំហរទាំងស្រុងនូវច្រកផ្លូវសម្រាប់ត្រីក្នុងស្រុកធ្វើចរាចរណ៍ ស្វែងរកជម្រក និងបន្តពូជ។
ទន្ទឹមនឹងនេះ ស្ថានីយ៍វារីអគ្គិសនីបានធ្វើឱ្យស៊ីជម្រៅនូវការត្រួតពិនិត្យរួមគ្នារវាងរាជរដ្ឋាភិបាល និងសហគ្រាសបង្ក្រាបយ៉ាងតឹងរ៉ឹងនូវសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អាងស្តុកទឹក និងទទួលបានជោគជ័យក្នុងការកសាងប្រព័ន្ធការពារអេកូឡូស៊ី ក្នុងទឹកពេញលេញមួយ ដែលរួមមានការលែងកូនត្រី ការត្រួតពិនិត្យការធ្វើចរាចរណ៍របស់ត្រី ការគ្រប់គ្រង និងថែរក្សាផ្លូវត្រី ការត្រួតពិនិត្យរួមគ្នា។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០១៩ មក វារីអគ្គិសនីសេសានក្រោម ២ របស់ក្រុមហ៊ុន China Huaneng បានអនុវត្តការងារប្រលែងកូនត្រីធម្មជាតិអស់រយៈពេល ៨ ឆ្នាំជាប់គ្នា ដោយបានលែងកូនត្រីធម្មជាតិសរុបជាង ៦១ ម៉ឺនក្បាល និងទទួលបានពានរង្វាន់រួមចំណែកការពារប្រភេទត្រីចំនួន ៧ ដង ដែលប្រគល់ដោយរដ្ឋបាលជលផលកម្ពុជាផងដែរ។
ការងារការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេនេះ ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមដែលសម្រេចបាននូវកិច្ចសហការល្អ និងការអភិវឌ្ឍប្រកបដោយភាពឈ្នះ-ឈ្នះ រវាងការអភិវឌ្ឍថាមពលស្អាត និងការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ៕




