ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យរអិលបាក់ដី រំលំភ្នំសំរាមដ៏ធំជាងគេនៅក្នុងរដ្ឋធានីហ្គីណេ សម្លាប់មនុស្ស៣០នាក់ និង ប៉ះពាល់បំផ្លាញផ្ទះសម្បែងពលរដ្ឋនៅជុំវិញទីតាំងនោះ

ភ្នំគំនរសំរាមមួយបានដួលរលំនៅកន្លែងចាក់សំរាមដ៏ធំជាងគេនៅរដ្ឋធានី កូណាគ្រី របស់ប្រទេសហ្គីណេ កាលពីថ្ងៃអាទិត្យនេះ ដោយបណ្តាលឲ្យមនុស្សស្លាប់៣០នាក់ នេះបើយោងតាមអាជ្ញាធរក្នុងមូលដ្ឋាន។ សាក្សីម្នាក់ដែលមានឈ្មោះថា Robert Kamano Sâa បាននិយាយថា មនុស្សម្នាបានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះបន្ទាប់ពីឃើញស្ថានភាពរអិលបាក់គំនរសំរាម ប៉ុន្តែភ្នំសំរាមនេះគឺធ្លាប់បានដួលរលំពីរទៅបីដងរួចហើយ ដែលធ្វើឱ្យមនុស្សជាច្រើននាក់ទៀតជាប់គាំងនៅខាងក្នុង។ អាជ្ញាធរបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមប៉ុន្មានម៉ោងមុន ក្រោយមកនៅវេលាយប់ពាក់ កណ្តាលអធ្រាត្រ ខ្យល់បានបោកបក់មកលើកំពូលភ្នំសំរាម Dar Es Salam និងបង្កឱ្យមានហេតុការរអិលបាក់គំនរសំរាមនោះតែម្តង។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើមឡើង ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមាន ជីវិត។ អាជ្ញាធរបាននិយាយថា មនុស្ស៦នាក់បានរងរបួសធ្ងន់ធ្ងរ និងផ្ទះជាច្រើនខ្នងដែលនៅក្បែរនោះត្រូវបំផ្លិចបំផ្លាញ។ ទីតាំងនោះ គឺជាកន្លែងចាក់សំរាមក្រៅផ្ទះដ៏ធំជាងគេនៅក្នុងទីក្រុងនៃប្រទេសហ្គីណេ និងត្រូវបានគេកំណត់ឱ្យបិទចោលកាលពីអាទិត្យម្សិលមិញ នេះបើយោងតាមមន្ត្រីអនា ម័យសម្រាប់កងវរសេនាធំផ្នែកវិស្វកម្មយោធា។ អ្នកស្រុកដែលរស់នៅជុំវិញតំបន់នោះត្រូវបានគេជូនដំណឹងពីការបណ្តេញចេញ ដោយបង្ខំឱ្យមនុស្សជាច្រើនត្រូវផ្លាស់ទីលំនៅភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតដែលនៅតែនៅជុំវិញនោះ នៅតែអាចមានគ្រោះថ្នាក់ពីស្ថានភាពគំនរភ្នំសំរាមនេះ ជាពិសេសគឺនៅរដូវវស្សា វាយងាយផុយរលួយ និង បាក់ស្រុត៕

សម្រួលអត្ថបទ៖ សុផារិន្ទ