ខេត្តបាត់ដំបង ៖ ដោយសង្កេតឃើញពីផលវិបាកក្នុងការធ្វើដំណើរ នៅក្នុងឃុំឃ្លាំងមាស និង គោរពតាមការណែនាំរបស់ប្រមុខ នៃរាជរដ្ឋាភិបាល ដែលត្រូវគិតអំពីសុខទុក្ខ និង គិតពីប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ព្រមទាំងមានការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ផងនោះ ថ្មីៗ នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង បានដាក់កម្លាំងជំនាញ ចុះស្ថាបនាផ្លូវខេត្តមួយខ្សែ លេខ ១៥៧០ ដោយកំណត់ទិសដៅធ្វើយ៉ាងណា សម្រុកស្ថាបនាផ្លូវនេះឲ្យរួចរាល់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ ២០២៦ នេះ។
នៅព្រឹកថ្ងៃទី ២៣ ខែសីហា នេះ លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា ការស្ថាបនាផ្លូវខេត្តលេខ ១៥៧០ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ត្រូវក្រាលកៅស៊ូ និង ចាក់ថ្ម M19 ដោយមានប្រវែង ២.៦០០ ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ ហើយមកទល់នឹងថ្ងៃម្សិលមិញនេះ ស្ថាបនាបានរួចរាល់ជាស្ថាពរហើយ។
លោកប្រធានមន្ទីរ សង្កត់ធ្ងន់ថា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះនៅដល់ទីណាក៏ដោយ។ ដូច្នេះ ផ្លូវមួយខ្សែនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មានក្តីសោមនស្ស រីករាយឥតឧបមា ដោយពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ និង ដឹកកសិផលចេញពីស្រែចម្ការមកក្រុងបានដោយងាយ៕




