លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ចើញចុះសួរសុខទុក្ខ និងនាំអំណោយជូននិវត្តជនអតីតមន្ត្រីរាជការក្រសួងព័ត៌មាន ៣រូប

(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក. វិស័យព័ត៌មាន) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូននិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប។

និវត្តជនទាំង ៣រូប រួមមាន៖
ទី១៖ លោក ចាន់ សម្បត្តិ អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ទី២៖ លោកស្រី អ៊ុក សារ៉ាន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK)។
ទី៣៖ លោក សក្តិ ស៊ីថន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK)។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អមដំណើរដោយលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការ លោកស្រី ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក. វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន ព្រមទាំងសមាជិក សមាជិកានៃលេខាធិការដ្ឋានមួយចំនួនទៀត។

ក្នុងឱកាសនោះ និវត្តជនទាំង ៣រូប ដោយម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ រួមមាន៖ អង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។

ជាមួយគ្នានេះ ក្រុមការងារក៏បានជម្រាបជូនអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ដល់និវត្តជនទាំង ៣រូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមពីសមាគម។

ការចុះសួរសុខទុក្ខនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាននាពេលកន្លងមក។

ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា ដែលជានិច្ចកាលតែងតែនឹករលឹក និងដឹងគុណចំពោះការលះបង់ និងគុណបំណាច់របស់និវត្តជន ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកន្លងមក៕