ទំហំពាណិជ្ជកម្ម រយៈពេល៧ខែ កម្ពុជានាំចេញទៅសហភាពអឺរ៉ុប បានជាង ៣,២ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែកក្កដា ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ កើនឡើង ១២% ក្នុងនោះ កម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបាន ៣,២ ពាន់លានដុល្លារ កើនឡើង ១៣% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ៥២៤ លានដុល្លារ កើនឡើង ៥,៨៤%។

ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអេស្ប៉ាញ ហូឡង់ អាល្លឺម៉ង់ បារាំង និងបែលហ្ស៊ិក ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។កំណើនពាណិជ្ជកម្មកម្ពុជាជាមួយ EU ជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងដំណើរការទូតសេដ្ឋរបស់ខ្លួន ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងទ្វេភាគី និងពហុភាគី។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុប សម្រេចបាន ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅសហភាពអឺរ៉ុប ៥ ពាន់លានដុល្លារ កើនឡើង ១៣,៥៥% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ៨៦៣ លានដុល្លារ ធ្លាក់ចុះ ៥,៨៨%៕