គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ (គ.ក.ស.ក ) បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងកុមារ
ខេត្តព្រះសីហនុ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត (គ.ក.ស.ក ខេត្ត) បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ចាន់សុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ និងមានសមាសភាពចូលរួមសរុបចំនួន ២៨រូប រួមមាន៖ សមាជិក-សមាជិកា គ.ក.ស.ក ខេត្ត ព្រមទាំងប្រធាន គ.ក.ស.ក ក្រុង-ស្រុក, ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ក្រុង-ស្រុក, ប្រធានមណ្ឌលបុរីកុមារខេត្ត, អង្គការដៃគូ និងក្រុមលេខាធិការដ្ឋានខេត្ត ដោយមានរបៀបវារៈសំខាន់ៗចំនួន ១០ ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សា ក្នុងនោះរួមមាន៖
១. ប្រសាសន៍បើកកិច្ចប្រជុំ
២. ពិនិត្យកវត្តមាន
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញ
៤. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤
៥. របាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្តព្រះសីហនុ
៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តប្រចាំត្រីមាសទី២ របស់ គ.ក.ស.ក ខេត្ត
៧. របាយការណ៍អំពីស្ថានភាព បញ្ហាប្រឈម ដំណោះស្រា យឆ្លើយតប និងសំណូមពរដែលពាក់ព័ន្ធនឹងបញ្ហាស្ត្រី និងកុមារ តាមមន្ទីរវិស័យ អង្គការដៃគូ និងតាមក្រុង-ស្រុក
៨. បញ្ហាផ្សេងៗ
៩. ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត សម្រាប់អនុវត្តនៅខែបន្ទាប់
១០. មតិបូកសរុប និងបិទកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ លោកជំទាវប្រធានអង្គប្រជុំ បានស្នើឱ្យសមាជិក សមាជិកា និងអង្គការដៃគូពាក់ព័ន្ធ លើកឡើងនូវបញ្ហាប្រឈម អនុសាសន៍ និងរបាយការណ៍អំពីស្ថានភាពមុខសញ្ញាស្ត្រី និងកុមារ ជូនអង្គប្រជុំទាំងមូលដើម្បីពិគ្រោះយោបល់ និងដោះស្រាយតាមនីតិវិធីអន្តររាគមន៍ភ្លាមៗ។ បន្ថែមពីនេះ លោកជំទាវក៏បានស្នើឱ្យធ្វើបច្ចុប្បន្នភាពអំពីករណីដែលបានលើកឡើងកាលពីខែមុន និងបន្តដោះស្រាយករណីណាដែលមិនទាន់បានដោះស្រាយរួច។
ជាលទ្ធផល កិច្ចប្រជុំទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ។ លោកជំទាវប្រធានអង្គប្រជុំ បានសម្ដែងនូវជំនឿជាក់យ៉ាងមុតមាំលើ គ.ក.ស.ក ក្រុង-ស្រុក, ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក និងអង្គការដៃគូទាំងអស់ ក្នុងការយកចិត្តទុកដាក់ដោះ ស្រាយឱ្យអស់លទ្ធភាព និងសូមជម្រុញដល់អាជ្ញាធរមូលដ្ឋាន ឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ លោកជំទាវបានសង្កត់ធ្ងន់ថា ត្រូវលើកយកបញ្ហាប្រឈមមកដោះស្រាយនៅក្នុងក្រុមប្រឹក្សាក្រុង-ស្រុករបស់ខ្លួនជាមុនសិន មុននឹងលើកយកករណីមកដោះស្រាយបន្ថែមនៅ គ.ក.ស.ក ខេត្ត។ ជាមួយគ្នានេះដែរ លោកជំទាវបានសំណូមពរដល់អង្គការដៃគូអភិវឌ្ឍន៍ បន្តសហការ និងធ្វើរបាយការណ៍វឌ្ឍនភាពគ្រប់ករណីទាំងអស់មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដល់កុមារ ងាយរងគ្រោះ យុវជន និងគ្រួសារដែលជាមុខសញ្ញា។
ជាកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរ គុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលារបស់សមាជិក សមាជិកា គ.ក.ស.ក ខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត, គ.ក.ស.ក ក្រុង-ស្រុក និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ល្អៗ លើកឡើងពីបញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយ។
អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖ វណ្ណថៃ






