លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខចំពោះគ្រួសារសព លោក ហុក ម៉ារ៉ាឌី ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកថវិកាចូលបុណ្យគ្រួសារសព លោក ហុក ម៉ារ៉ាឌី នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ត្រូវជាកូនបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលទទួលមរណភាពកាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦ វេលាម៉ោង១:១៣នាទីរសៀល ក្នុងជន្មាយុ ៤៥ឆ្នាំ ដោយរោគាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសពស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ លោក ហុក ម៉ារ៉ាឌី ដែលត្រូវជាកូនបង្កើតរបស់ ឯកឧត្តម យឹម សុខុម គឺជាការបាត់បង់នូវកូន ជាទីស្រឡាញ់ និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល។ ចំពោះការលាចាកលោករបស់ លោក ហុក ម៉ារ៉ាឌី ដែលជាមន្ត្រីរាជការបំរើការងារយ៉ាងសកម្ម មានសមត្ថភាព និងបានលះបង់កម្លាំងកាយចិត្តក្នុងការរួមចំណែកអភិវឌ្ឍន៍រដ្ឋបាលខេត្ត នាពេលកន្លងមក។
ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ហុក ម៉ារ៉ាឌី សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






