ឯកឧត្តម លី សុផាណា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារនិងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅមណ្ឌលអប់រំកែប្រែទី៤
ខេត្តពោធិ៍សាត់ ៖ ឯកឧត្ដម លី សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមទី៣ នៃក្រុមការងារចម្រុះសម្រាប់ពង្រឹងការគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ប្រសាសន៍បែបនេះក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះពិនិត្យបន្តចុះពិនិត្យ និងពង្រឹងការអនុវត្តវិធានការរដ្ឋបាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១១ នៅមណ្ឌលអប់រំកែប្រែទី៤ នៅខេត្តពោធិ៍សាត់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ប្រាជ្ញសុភី ប្រធានពន្ធនាគារម. ៤ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយលើកយកនូវវិធីសាស្រ្តចាត់ចែងអនុវត្តនូវរាល់លិខិតបទដ្ឋាននានាសំដៅពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងនិងផ្តល់ចំណេះជំនាញដល់ជនជាប់ឃុំ និងក្មេងទំនើង។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងឱកាសនោះ ឯកឧត្តម លី សុផាណា បានមានប្រសាសន៍ កោតសសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំក៏ដូចជាក្មេងទំនើង ដើម្បីប្រែក្លាយពួកគេឲ្យក្លាយជាប្រជាពលរដ្ឋល្អ និងបានណែនាំឱ្យបន្តពង្រឹងប្រសិទ្ធភាពការងារ និងបន្តដោះស្រាយនូវរាល់ការលំបាកនានាដើម្បីទទួលបានទំនុកចិត្ត ការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់ថ្នាក់បន្ថែមទៀត។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានកោតសសើរ ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ថ្នាក់នៃមណ្ឌលកែប្រែ ម.៤. ដែលបង្ការបាននូវការទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឲ្យរីករាលដាលក្នុងពន្ធនាគារតាមរយៈការធ្វើតេស្តរហ័សរកសារធាតុញៀនជាប្រចាំក៏ដូចជាការផ្ដល់ជំនាញនានាទៅដល់ជនជាប់ឃុំនិងក្មេងទំនើងបណ្ដុះបាននូវស្មារតីស្នេហាជាតិ ជួយជាតិ។







