ឯកឧត្តម ងួន ស្តេចភក្តី នាំយកអំណោយថ្នាំពេទ្យ និងថវិកា ប្រគល់ជូនមណ្ឌលសុខភាពបង្ហើរខ្លែង ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ងួន ស្តេចភក្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងព្រីង ព្រមទាំង ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ក្រុមការងារ និងដោយមានការចូលរួលពី លោកអភិបាលស្រុក បាននាំយកអំណោយមានជាថ្នាំពេទ្យ និងសម្ភារៈបរិក្ខារពេទ្យ ប្រគល់ជូនមណ្ឌលសុខភាពបង្ហើរខ្លែង ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
អំណោយដែលបានឧបត្ថម្ភរួមមាន៖ Paracetamol 650mg, Metformin 500mg, Cetirizine Syrup, Konimag, Amlodipine 5mg, Metronidazole, Aluminum, Multivitamin, Cimetidine, Povidine ព្រមទាំងបង់រុំ និងសំឡីលាងរបួស សរុបជាទឹកប្រាក់ប្រមាណ ១,១៦៥,០០០រៀល។
ជាមួយគ្នានេះ ឯកឧត្តម ប្រធាន និងក្រុមការងារ ក៏បានឧបត្ថម្ភថវិកាចំនួន ៣,៦០០,០០០រៀល ដល់មណ្ឌលសុខភាពបង្ហើរខ្លែង ដើម្បីរួមចំណែកគាំទ្រដល់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងការជួសជុលកែលម្អមណ្ឌលសុខភាព ដែលសរុបតម្លៃថ្នាំពេទ្យ សម្ភារៈ និងថវិកាដែលបានឧបត្ថម្ភមានចំនួនប្រមាណ ៤,៧៦៥,០០០រៀល។
ការឧបត្ថម្ភនេះ ជាការចូលរួមចំណែកក្នុងការគាំទ្រដល់មណ្ឌលសុខភាពបង្ហើរខ្លែង ឱ្យមានធនធានចាំបាច់បន្ថែម សម្រាប់បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។







