វិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំបាឋកថា «សហគ្រាស និងនិស្សិត៖ ភាពជាដៃគូសម្រាប់អនាគត» ផ្តល់ឱកាសការងារថ្មីដល់យុវជនកម្ពុជា

បាឋកថាស្តីពី «សហគ្រាស និងនិស្សិត៖ ភាពជាដៃគូសម្រាប់អនាគត» ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានជាតិសង្គមកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន Dodo Job និងមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ តំណាងសហគ្រាស និងនិស្សិតជាង១០០រូប។

ថ្លែងក្នុងឱកាសនោះ លោក Wu Dasheng អគ្គនាយកក្រុមហ៊ុន Dodo Job បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់តម្រូវការរបស់សហគ្រាសជាមួយសក្តានុពលរបស់យុវជន។ លោកបានបញ្ជាក់ថា Dodo Job បានបង្កើតកម្មវិធី APP មួយ ដែលអាចជួយភ្ជាប់សហគ្រាសដែលមានតម្រូវការជ្រើសរើសបុគ្គលិក ជាមួយនឹងនិស្សិត និងអ្នកស្វែងរកការងារ តាមរយៈប្រព័ន្ធអេឡិចត្រូនិក។
លោក Wu Dasheng បានបង្ហាញឆន្ទៈក្នុងការបន្តសហការជាមួយស្ថាប័នអប់រំ ស្ថាប័នពាក់ព័ន្ធ និងដៃគូសង្គមនានា ដើម្បីរួមចំណែកបង្កើនឱកាសការងារជូនដល់យុវជនកម្ពុជា ជាពិសេសការជួយឱ្យយុវជនអាចស្វែងរកការងារដែលស្របតាមចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួន។

ជាមួយគ្នានេះ លោក រិន រ៉ាវុធ ប្រធានផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សានៃសហភាពសហព័ន្ធយុវជនកម្ពុជា បានគាំទ្រប្រសាសន៍របស់លោកស្រី ណក់ ពេជ្រសាវតី ប្រធានមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជាក្នុងការរៀបចំបាឋកថានេះឡើងដើម្បីគោលបំណង នាំយកសហគ្រាសមកជួបដោយផ្ទាល់ជាមួយនិស្សិត ដែលជាឱកាសដ៏មានតម្លៃសម្រាប់ឱ្យនិស្សិតបានស្វែងយល់ពីតម្រូវការទីផ្សារការងារ ស្គាល់ឱកាសការងារជាក់ស្តែង និងត្រៀមខ្លួនឱ្យបានកាន់តែល្អសម្រាប់អនាគតវិជ្ជាជីវៈ។

ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Dodo Job និងបណ្តាសហគ្រាសរបស់ប្រទេសចិន ជាពិសេស លោកស្រី ណក់ ពេជ្រសាវតី ប្រធានមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជាដែលបានគាំទ្រនិងជ្រោមជ្រែងដល់ដំណើរការរៀបចំកម្មវិធីបាឋកថានេះ ដែលនេះមិនត្រឹមតែជាវេទិកាសម្រាប់ផ្លាស់ប្តូរចំណេះដឹង និងព័ត៌មានអំពីទីផ្សារការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពមួយដែលរួមចំណែកពង្រឹង មិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជាចិន តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងវិស័យឯកជន។

តាមរយៈបាឋកថានេះ និស្សិតដែលបានចូលរួមជាង ១០០រូប ក៏បានទទួលឱកាសស្វែងយល់ និងប្រើប្រាស់ APP របស់ក្រុមហ៊ុន Dodo Job ដើម្បីស្វែងរកព័ត៌មានអំពីការងារ និងឱកាសអាជីព។ ក្រុមហ៊ុន Dodo Job បានចុះបញ្ជីប្រតិបត្តិការនៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២៦ ហើយត្រូវបានបង្ហាញថា មានឱកាសការងារប្រមាណ ២,០០០កន្លែងក្នុងមួយថ្ងៃ ដែលអាចក្លាយជាច្រកមួយសម្រាប់ភ្ជាប់អ្នកស្វែងរកការងារជាមួយសហគ្រាសដែលមានតម្រូវការជ្រើសរើសបុគ្គលិក ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕