គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បន្តចុះពង្រឹងសមត្ថភាពក្រុមការងារស្ថានីយជញ្ជីងអចល័ត និងប្រគល់ប្រកាសផ្ទេរភារកិច្ច និង ប្រកាសតែងតាំង និងប្រគល់ភារកិច្ច មន្ត្រីប្រចាំការតាមស្ថានីយថ្លឹងយានយន្ត នៃទីតាំងមួយចំនួន ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
ដោយទទួលបានការណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន – ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយឯកឧត្តម គឹម សាន់-ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តចុះពង្រឹងសមត្ថភាពក្រុមការងារស្ថានីយជញ្ជីងអចល័ត និងប្រគល់ប្រកាសផ្ទេរភារកិច្ច និង តែងតាំង និងប្រគល់ភារកិច្ច មន្ត្រីប្រចាំការតាមស្ថានីយថ្លឹងយានយន្ត នៃទីតាំងមួយចំនួន ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។
ក្នុងបេសកកម្មលើកិច្ចការងារនេះ-ឯកឧត្តម សេង ឈួន បានប្រគល់ប្រកាសផ្ទេរភារកិច្ច និង ប្រកាសតែងតាំង និងប្រគល់ភារកិច្ច របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដល់មន្ត្រី មាន ៖
– ផ្ទេរភារកិច្ច លោក ទេព សារ៉ន ពីអនុប្រធានស្ថានីយពោធិ៍ថ្មី ខេត្តកំពង់ស្ពឺ ទៅជាអនុប្រធានស្ថានីយ ត្រពាំងក្រហម ខេត្តរតនគិរី ។
-តែងតាំង និងប្រគល់ភារកិច្ច លោក ឆន សុវណ្ណដារ៉ា បច្ចុប្បន្នជាប្រធានការិយាល័យ នៃនាយកដ្ឋានផ្លូវដែក និងជាសមាជិកស្ថានីយកូនដំរី ខេត្តបន្ទាយមានជ័យ ទៅជាអនុប្រធានស្ថានីយកូនដំរី ខេត្តបន្ទាយមានជ័យ។
– តែងតាំង និងប្រគល់ភារកិច្ច លោក កែម ម៉េង បច្ចុប្បន្នជាអនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ និងជាសមាជិកស្ថានីយបាវិត ខេត្តស្វាយរៀង ទៅជាអនុប្រធានស្ថានីយអូរពោធិ៍ ខេត្តព្រះវិហារ ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសូមបន្តចូលរួមអនុវត្តកិច្ចការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមគោលការណ៍ និងសេចក្តីណែនាំរបស់ក្រសួង កុំអោយមានការដឹកលើសទម្ងន់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ជាពិសេសការអនុវត្តរបស់ស្ថាប័នពាក់ព័ន្ធ មិនត្រូវឃុបឃិតគ្នាឡើយ បើមន្ត្រីណាឃុបឃិតជាមួយអ្នកដឹកលើសទម្ងន់កម្រិតកំណត់ យកលុយបិទបាំង និងប្រព្រឹត្តខុសច្បាប់ នឹងទទួលទោសទៅតាមច្បាប់កំណត់ ៕







