ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ធុងទឹកចម្រោះទឹកស្អាតរបស់ក្រុមហ៊ុន SIPCO ប្រទេសវៀតណាម តាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ធុងទឹកចម្រោះទឹកស្អាតរបស់ក្រុមហ៊ុន SIPCO ប្រទេសវៀតណាម តាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានសមាគម ជូនប្រជាពលរដ្ឋចំនួន ៦៧០ធុង នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះធ្វើនៅសាលាឃុំសែប ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែប អនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអភិបាលនៃគណៈអភិបាលរងស្រុកកំពង់ត្រឡាច ប្រធាន អនុប្រធាន និងសមាជិកអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ត្រឡាច រដ្ឋបាលភូមិ ឃុំ និងប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះនូវសុខមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ជម្ឈដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន SIPCO ប្រទេសវៀតណាម ដែលបានផ្ដល់ធុងទឹក តាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរសនៅរបស់ប្រជាពលរដ្ឋនៅសហគមន៍តាមរយៈការផ្ដល់ជូននូវធុងចម្រោះដែលមានគុណភាព និងប្រសិទ្ធផលខ្ពស់។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានធុងចម្រោះទឹកស្អាតត្រូវធ្វើតាមការណែនាំរបស់អ្នកជំនាញដែលបានបង្រៀនពីរបៀបតម្លើង របៀបប្រើប្រាស់ សម្អាត និងថែទាំឱ្យបានត្រឹមត្រូវ ដើម្បីធានបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។
គួរបញ្ជាក់ជូនថា ក្រុមហ៊ុន SIPCO បានផ្ដល់ជូនចង្ក្រាន និងធុងចម្រោះទឹកតាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្នុងនោះរួមមានចង្ក្រាន្តចំនួន ១២៤,៧០៨គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ៣០៧,៣០០គ្រឿង ដោយផ្ដល់ជូនខេត្តចំនួន ១០ ទូទាំងប្រទេសកម្ពុជា រួមមាន៖ កំពង់ឆ្នាំង ប៉ៃលិន ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សៀមរាប ព្រះវិហារ កោះកុង និងព្រះសីហនុ។ ក្នុងនោះខេត្តកំពង់ឆ្នាំងទទួលបានចង្រ្កាន្តចំនួន ២២,៥០៣គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ៥៥,៤៥០គ្រឿង សរុបចំនួន ៧៧៩៥៣គ្រឿង៕







