ជាងពាក់កណ្តាលឆ្នាំ២០២៦នេះជប៉ុនជួបគ្រោះធម្មជាតិផ្ទួនៗជាប់ៗគ្នា! ជាពិសេសភ្លៀងធ្លាក់ខ្លាំងកាលពីពេញ១យប់មិញ បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្រ្តអាកាសធាតុជប៉ុន
បន្ទាប់ពីរងគ្រោះរញ្ជួយដី រងរលកកំដៅ និង រងឥទ្ធិពលព្យុះត្រូពិក ពេលនេះភ្លៀងធ្លាក់ខ្លាំងក៏បានវាយប្រហារទីក្រុងនានានៅភាគខាងកើតទីក្រុងតូក្យូពេញមួយយប់មិញនេះ បានពន្លិចផ្លូវថ្នល់ និងផ្ទះរាប់សិបខ្នង បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំង ផ្តាច់ចរន្តអគ្គិសនី និងធ្វើឱ្យមនុស្សយ៉ាងហោចណា ស់៤នាក់ស្លាប់ និងម្នាក់បាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារឧតុនិយ មជប៉ុនបានប្រកាសសេចក្តីព្រមានធ្ងន់ធ្ងរបំផុតរបស់ខ្លួនសម្រា ប់ស្ថានភាពភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងជាង១០ដងឯណោះនៃខេត្ត Chiba ខណៈដែលភ្លៀងបានស្រកចុះបន្តិចនៅព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែពួកគេនៅតែព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃបន្ទាប់។ រូបថតសន្លឹក និងរូបភាពវីដេអូពីទូរទស្សន៍បានបង្ហាញពីទំហំខូចខាតទ្រង់ទ្រាយធំបន្ទាប់ពីថ្ងៃចាប់ផ្តើមរះ ដោយមានផ្ទះ រថយន្ត និងផ្នែកខ្លះនៃផ្លូវរថភ្លើងត្រូវបានជន់លិចដោយទឹកភក់ បន្សល់ពីទឹកភ្លៀងពេញមួយយប់។ កងកម្លាំងការពារជាត់ជប៉ុនបាននិយាយថា ពួកគេបានបញ្ជូនរថយន្តក្រុងទៅយកមនុស្សប្រហែល ៤ពាន់នាក់ដែលជាប់គាំង ឲ្យបានឲ្យស្នាក់នៅឯស្ថានីយ៍រថភ្លើង Soga ដែលជាផ្លូវក្នុងស្រុកដ៏ធំទូលាយមួយដែលបម្រើការងារសម្រាប់ Tokyo Disney ផងដែរ។ សួនកម្សាន្តនេះមិនត្រូវបានរាយការណ៍ពីការខូចខាតណាមួយឡើយ។ ស្របពេលដែលមនុស្សរាប់ពាន់នាក់ទៀតជាប់គាំងនៅអាកាសយានដ្ឋាន Narita ស្រាប់តែសេវារថភ្លើងក្នុងទីក្រុងតូក្យូ បានជាប់គាំងដូចគ្នាដែរ ជាហេតុធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវជ្រកកោនពេញមួយយប់នៅអគាររដ្ឋាភិបាលនៃខេត្ត Chiba។ អាជ្ញាធរខេត្តបាននិយាយថា មនុស្ស៤នាក់ស្លាប់ និងមនុស្សម្នាក់ទៀតកំពុងបាត់ខ្លួន ក្នុងនោះ មានបុរសម្នាក់ដែលត្រូវគេរកឃើញអណ្តែតលើផ្លូវលិចទឹកមួយក្នុងទីក្រុង Ichikawa និងស្ត្រីម្នាក់ជាប់គាំងនៅក្នុងរថយន្តលិចទឹកនៅក្នុងទីក្រុង Sakura។ ចំណែកមនុស្សម្នាក់ទៀតត្រូវគេទាញចេញពីរថយន្តលិចទឹកនៅក្នុងទីក្រុង Kashiwa និងសន្មតថាបានស្លាប់ហើយ។ មន្ត្រី Chiba បាននិយាយថា ផ្ទះជាង ៨០ខ្នងបានជន់លិចនៅក្នុងខេត្ត ហើយប្រជាជនជិត២៣ម៉ឺននាក់នៅទូទាំងខេត្តត្រូវណែនាំឱ្យទៅស្ថិតក្នុងជម្រកសុវត្ថិភាព។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ខ្នងផ្ទះប្រជាជនប្រហែលជា២៣០០០ខ្នងនៅព្រឹកថ្ងៃសុក្រនេះ ថែមទាំងបន្តផ្តាច់ដល់ផ្ទះរហូត ៦៨,០០០ខ្នងនាពេលខាងមុនទៀត នេះបើយោងតាមទីភ្នាក់ងារផ្គត់ផ្គង់ TEPCO Power Grid។ ទឹកភ្លៀងដែលបំបែកកំណត់ត្រាឆ្នាំនេះគឺកើនលើសពី ១០០មីលីម៉ែត្រ ត្រូវបានគេព្យាករណ៍ថាមានត្រឹមតែរយៈពេល១ ម៉ោងប៉ុណ្ណោះនៅក្នុងទីក្រុង Chiba និងទីក្រុងមួយចំនួនទៀតនៅក្បែរខាងកាលពីយប់ថ្ងៃព្រហស្បតិ៍។ មន្ត្រីព្យាករណ៍អាកាសធាតុ JMA លោក Takuya Hosomi បានប្រាប់សន្និសីទសារព័ត៌មានបន្ទាន់តាមទូរទស្សន៍ថា កម្រិតទឹកភ្លៀងនៅពេលនេះ គឺជាកម្រិតខ្ពស់ដែលមិនធ្លាប់មានទេពីមុនមក។ ភ្លៀងធ្លាក់ដ៏ខ្លាំងនេះបានកើតឡើង ក្រោយមួយថ្ងៃនៃឥទ្ធិពលព្យុះត្រូពិច បានវាយប្រហារភាគឦសាននៃប្រទេសជប៉ុន បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៧នាក់រងរបួស រំលំដើមឈើ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីយ៉ាងច្រើនកន្លែងថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ






