«សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ» លើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូវការ

ភ្នំពេញ៖ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកជាផ្លូវការ «សន្និសីទតុលាការនៃបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ» លើកទី៨ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ sun&moon riverside រាជធានីភ្នំពេញ។

ឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើក ឡើងថា កិច្ចប្រជុំនេះមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ ព្រមទាំងជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីវិធានការដែលអាចអនុវត្តបាន ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបទល្មើសឆ្លងដែន។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នតុលាការកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងសម្របសម្រួលដល់ដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តម ក៏បានបង្ហា ញការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជា ជនកំពូលនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសហ ការីកម្ពុជា ដែលបានទទួលស្វាគមន៍គណៈប្រតិភូវៀតណាមយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ ។

ឯកឧត្តម បានបញ្ជាក់ថា ការជួបជុំគ្នាជាថ្មី បន្ទាប់ពីរយៈពេលពីរឆ្នាំ គឺជាឱកាសដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីតុលា ការនៃប្រទេសទាំងបី ដើម្បីពង្រឹងការយល់ដឹង និងទំនុកចិត្តទៅវិញទៅមក។ កិច្ចប្រជុំនេះ បានបន្តធ្វើជាប្រចាំរយៈពេល ១៦ឆ្នាំ និងបានក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការរបស់វៀតណាម កម្ពុជា និងឡាវ។

អញ្ជើញថ្លែងសុន្ទរកថានាឱកាសនេះ ឯកឧត្តម ជីវ កេង ប្រធា នតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សា្វគមន៍ ដោយក្តីរីករាយចំពោះការអញ្ជើញចូលរួមរបស់ឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ផាវី ស៊ីបួលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំ គណៈប្រតិភូ និងសហការីនៃប្រទេសទាំងពីរ ចូលរួមកម្មវិធី «សន្និសីទតុលា ការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ និងតាមបណ្តាខេត្ត ជាប់ព្រំដែននៃប្រទេសទាំងបី។

កម្មវិធីសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ នាពេលនេះ ប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីពង្រឹងការយល់ដឹង ទំនុកចិត្តគ្នាទៅវិញទៅមក សេចក្តីប្រកាសរួម ការចែករំលែក បទពិសោធន៍ ការចុះហត្ថលេខា និងការពិភាក្សាអំពីការអនុវត្តការងារក្នុងវិស័យតុលាការ ជា ពិសេសគឺ តុលាការនៃបណ្តាខេត្តជាប់ព្រំដែន ដើម្បីធានារក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព ការអភិវឌ្ឍ ថែរក្សាសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ជាប់ព្រំដែននៃប្រទេសទាំងបី ៕