សាខាសមាគមន៍នារីខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តកំពតនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគនព្រះសង្ឃក្នុងវត្តចំនួនពីរនាក្រុងបូកគោ

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចានធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមជាមួយ អនុប្រធានសាខាសមាគមន៍ អនុប្រធានកិត្តិយសសមាគមន៍ សមាជិកា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជាមួយនឹងអាជ្ញាធរមូលដ្ឋាន បាននាំយកទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចំនួនពីរ គឺវត្តដួងកែវ (ហៅវត្តរកា) និងវត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។ ក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់លោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទ្ធទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនេះ។

លោកជំទាវ ហ៊ុន ចានធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំសមាគមន៍នារីខេត្ត និងសហការីទាំងអស់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាននាំយកនូវទៀនព្រះវស្សា បច្ច័យ ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈ យកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមមួយចំនួនទាំង ៩ក្រុង-ស្រុក មិនដែលអាក់ខានម្តងណាឡើយ ដើម្បីជួយសម្រួលដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សា។ លោកជំទាវប្រធានកិត្តិយសសាខាសមាគមន័ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេន និងជូនចំពោះ ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង២ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីវត្តអារាមនីមួយៗឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការគោរពស្រឡាញ់ ប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួនរវាងព្រះសង្ឃ និងគ្រហស្ថ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ និងដើម្បីភាពសក្ការៈ នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។

សូមរំលឹកថា ប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស មិនដែលភ្លេចប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាគឺពិធីវេរទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារផ្សេងៗដល់ព្រះសង្ឃ ក្នុងឱកាសដែលព្រះសង្ឃត្រូវចូលបំពេញសង្ឃកម្ម គឺពិធីចូលព្រះវស្សាក្នុងរយៈពេល ៣ខែ ដោយចាប់ផ្តើមនៅថ្ងៃ១រោច ខែទុតិយាសាឍ។ ការបំពេញកុសលដោយនាំយកនូវទៀនចំណាំព្រះវស្សា ក៏ដូចជាទេយ្យទានផ្សេងៗប្រគេនដល់ព្រះសង្ឃនាពេលនេះ ក៏ជាការជួយសម្រួលដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោកជាំលំបាកនិមន្តបិណ្ឌបាត្រផងដែរ។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំងពីរវត្តនាពេលនេះ ក្នុងមួយវត្តៗរួមមាន៖ ទៀនចំណាំព្រះវស្សាចំនួន ១គូរ, អង្ករ ១០០គីឡូក្រាម, ត្រីខ ៥យួរ, ស្ករស ៥គីឡូ, សៀងផ្អែម ៣០គីឡូ, ទឹកស៊ីវអ៊ីវ ១០យួរ, ឆៃប៉ូវផ្អែម ១០គីឡូ, ប្រេងឆា ២ដបធំ, តែ ៥កញ្ចប់, ធូប ៥ដុំ, ប៊ីចេង ៥គីឡូ, មី ៥កេស, កាហ្វេ ២កញ្ចប់ធំ, ត្រីងៀត ៥គីឡូ, ទឹកក្រូច ទឹកផ្លែឈើ ៥កេស, សាប៊ូម្សៅ ៥គីឡូ, ទឹកសុទ្ធ ៥កេស, ក្រណាត់ស ៩៥ដុំ, សារ៉ុង ១៥០សំពត់ និងបច្ច័យទាំងពីរវត្តសរុបចំនួន ១លាន ៨០ម៉ឺនរៀលផងដែរ៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត