«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ
«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» ដែលសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើ ជាម្ចាស់ផ្ទះ បានប្រារព្វបិទនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ នាវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។
វេទិកាដ៏មានសារៈសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋជាអន្តរជាតិនេះ ប្រារព្ធធ្វើរយៈពេលបីថ្ងៃ គឺពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ«សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ក្រោមកិច្ចសហ ការរវាងសភានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខ ភាពពិភព លោក ដោយមានការសម្របសម្រួលដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ។
ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជ រដ្ឋាភិបាល ព្រមទាំងតំណាងអង្គការសហប្រជាជាតិ មានចំនួនសរុប ១៦ប្រទេសដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល និងដៃគូអភិវឌ្ឍន៍គឺបានអញ្ជើញមកចូលរួមក្នុងវេទិកានាឱកាសនេះ។
ក្នុងរយៈពេល៣ថ្ងៃមកនេះ អ្នកចូលរួមបានធ្វើការប្រជុំ និងបានផ្លាស់ប្តូរមតិយោបល់ ចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញ ទៅមក និងបានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើក កម្ពស់វិសាលភាពនៃសុខភាពសកល នៅក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងការវិវឌ្ឍនៃបញ្ញាសិប្បនិម្មិត (AI)។ តាមរយៈដំណើរទស្សនកិច្ចស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅក្នុងខេត្តកំពត កាលពីថ្ងៃទី១២ម្សិលមិញនោះ គណៈប្រតិភូទទួលបានឱកាសពិសេសបន្ថែមទៀត ក្នុងការស្វែងយល់កាន់តែច្បាស់អំពីប្រទេសកម្ពុជា។
ថ្លែងបិទវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា វេទិការយៈពេល៣ថ្ងៃនេះ មិនត្រឹមតែបានផ្តល់ឱកាសដល់យើងទាំងអស់គ្នា បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព ការរីកចម្រើន និងសមិទ្ធិផលផ្នែកសុខាភិបាលដែលយើងទាំង អស់គ្នាសម្រេចបានប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញឱ្យឃើញអំពីការប្រឈម និងភាពខ្វះចន្លោះនានា ដែលយើងនៅមិនទាន់អាចបានដោះស្រាយបាននៅឡើយផងដែរ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់កម្ពុជា សុខភាពសាធារណៈត្រូវបានចាត់ទុកជាកត្តាគន្លឹះ និងអាទិភាពខ្ពស់បំផុតរបស់យើង។ រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយភាព ឈ្លាសវៃ និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឱ្យប្រព័ន្ធសុខាភិបាល ប្រជាជនគ្រប់ទីកន្លែង រួមទាំងជនដែលបាត់បង់ទីជម្រក របស់យើងបានទៅដល់ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ឬដោយជម្លោះ ទទួលបាននូវសេវាសុខាភិបាល ចាំបាច់នានាដោយគ្មានការអាក់ខាន គ្មានការរើសអើង និងជួបការលំបាកផ្នែកហរិញ្ញវត្ថុនោះឡើយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍គូសបញ្ជាក់ថា សេចក្តីប្រកាសរួមទីក្រុងភ្នំពេញ ដែលបាន ឯកភាព និងអនុម័តជាឯកច្ឆ័ននាពេលនេះ គឺជាការប្តេជ្ញាចិត្តរួម របស់យើងទាំងអស់គ្នា។ សេចក្តីប្រកាសនេះ ជាសញ្ញាជួងដល់យើងទាំងអស់គ្នាដើម្បីធ្វើសកម្មភាព។ ដូចសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា “សកម្មភាព គឺលឺខ្លាំងជាងសំដី ។ បន្ថែមពីនេះ ការធ្វើវិសោធនកម្មមាត្រាសំខាន់ៗមួយចំនួនរបស់វេទិកាសមាជិក សភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពចាំបាច់របស់ស្ថាប័នមួយនេះ ដែលបាន ដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងក្នុងការផ្តល់កិច្ចគាំទ្រទាំងផ្នែកស្មារតី និងបច្ចេកទេសក្នុងការគាំទ្រ និងជំរុញដល់សេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យកាន់តែមានភាពល្អប្រសើរ និងធានាបានថា គ្មាននរណាត្រូវបានបោះបង់ចោល ឬមិនទទួលបានការថែ ទាំ ព្យាបាល ទោះបីមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុក៏ដោយ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នាដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក នឹងនាំយកនូវស្មារតីនៃសេចក្តីប្រកាសទីក្រុងភ្នំពេញ ទៅកាន់សភារបស់ខ្លួន។ សូមយើងទាំងអស់គ្នាប្រែក្លាយកិច្ចសន្ទនា និងការពិភាក្សារបស់យើងនាពេលនេះបញ្ចូលទៅក្នុងច្បាប់ ទៅក្នុងថវិកាជាតិ ទៅក្នុងការត្រួតពិនិត្យ និងភាពជាដៃគូរ ដែលនឹងជួយលើកកម្ពស់ដល់ជីវិត និងសុខុ មាលភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សង្ឃឹមថា យើងនឹងបន្តរៀនសូត្រពីគ្នាពីទៅវិញទៅមក តាមរយៈវេទិកាអន្តរសភានានា ជាពិសេសវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខ ភាពសកល លើកទី៩ ដ៏មានសារៈសំខាន់មួយនេះ ពីព្រោះយើងទាំងអស់គ្នាជួបប្រទះនូវបញ្ហាប្រឈមផ្នែកសុខភាពទាំងអស់គ្នា។ ដូចនេះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការទទួល ខុសត្រូវរួម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕







