ចិនមានចេតនាបង្ហាញភស្តុតាងនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាផលិតយន្តហោះដោយខ្លួនឯងប្រភេទ C919 ដែលបានចុះចតលើកដំបូងក្នុងប្រទេសម៉ុងហ្គោលីជាលក្ខណៈខ្នាតអន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតផលក្នុងស្រុករបស់ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋាន Ulaanbaatar (អ៊ូឡាន់បាតា) ថ្មី ប្រទេសម៉ុងហ្គោលីហើយកាលពីថ្ងៃពុធម្សិលមិញ ដែលជាជើងហោះហើរដឹកអ្នកដំណើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់យន្តហោះនេះ ចាប់តាំងពីវាចូលបម្រើការងារនៅឆ្នាំ ២០២៣មក។ ពិធីទទួលស្វាគមន៍ដោយបាញ់ទឹកស្រោចលើតួរយន្តហោះត្រូវបានធ្វើឡើង នៅឯអាកាសយានដ្ឋានថ្មីនេះ។ ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងនាមជាយន្តហោះដឹកអ្នកដំណើរធំមួយ ដែលផលិតនៅក្នុងស្រុកដំបូង របស់ប្រទេសចិន សម្រាប់ប្រើប្រាស់ដឹកជញ្ជូនជនស៊ីវិល C919 បានបម្រើការក្នុងផ្លូវរត់ចំនួន ៥៧ ដោយភ្ជាប់ជាមួយទីក្រុងចំនួន២៥ក្នុងប្រទេសចិន។ យន្តហោះ C919 ដែលជាយន្តហោះដឹកអ្នកដំណើរតែមួយច្រក ធ្វើឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ត្រូវបានផលិតដោយក្រុមហ៊ុនផលិតយន្តហោះរដ្ឋ COMAC ថែមទៀតផង។ ទីក្រុងប៉េកាំងកំពុងបង្ហាញរូបរាងវាឡើង ដើម្បីជាភស្តុតាងនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពរបស់ប្រទេសចិនក្នុងការពឹងផ្អែកលើការផលិតដោយខ្លួនឯង ទោះបីជាវាប្រើប្រាស់គ្រឿងបន្លាស់ជាច្រើនពីប្រទេសលោកខាងលិចក៏ដោយ។ យន្តហោះ C919 មានអ្នកផ្គត់ផ្គង់សំខាន់ៗចំនួន ៤៨ ចេញពីទឹកដីសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ម GE, Honeywell និង Collins – 26 មកពីអឺរ៉ុប និង១៤ទៀតនៅក្នុងប្រទេសចិន នេះបើយោងតាមអ្នកវិភាគនៅធនាគារ Bank of America។ ទីក្រុងប៉េកាំងមានក្តីសង្ឃឹមខ្ពស់ចំពោះយន្តហោះ C919 ដែលបានហោះហើរបម្រើការលើវិស័យពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនចាប់ពីឆ្នាំ ២០២៣មក៕

សម្រួលអត្ថបទ៖ សុផារិន្ទ