ឯកឧត្តម ឈិន កេតនា ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរបំផុត សម្រាប់ព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះមហាក្សត្រ
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងបែងចែកភារកិច្ចត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ឱ្យប្រព្រឹត្តទៅដោយរលូន មហោឡារិក និងមានសន្តិសុខសុវត្ថិភាពខ្ពស់បំផុត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
កិច្ចប្រជុំអន្តរក្រសួងនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ។
នៅក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីខ្លឹមសារ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើ និងណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការចាំបាច់ទាំងឡាយ ដោយត្រូវរៀបចំផែនការសកម្មភាពឱ្យបានលម្អិត ច្បាស់លាស់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រះរាជពិធីទាំងមូលប្រព្រឹត្តទៅប្រកបដោយកិត្តិយស និងកិត្យានុភាពជាតិ។
ផ្អែកតាមស្មារតីនៃអង្គប្រជុំដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ព្រះរាជពិធីសម្ពោធជាផ្លូវការនឹងត្រូវរៀបចំឡើងនាថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គនឹងស្តេចយាងកាត់ខ្សែបូសម្ពោធវិមានសាមគ្គីភាពនេះផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើការបែងចែកភារកិច្ច និងវិធានការអនុវត្ត ដើម្បីឱ្យការងាររៀបចំដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយអង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងល្អិតល្អន់ និងបានឯកភាពសម្រេចកំណត់បែងចែកភារកិច្ចជូនក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរៀបចំចរាចរណ៍ឱ្យបានល្អប្រសើរទាំងមុនពេល ក្នុងពេល និងក្រោយពេលប្រារព្ធព្រះរាជពិធី ដោយត្រូវយកចិត្តទុកដាក់ពិសេសនៅតាមដងផ្លូវឆ្លងកាត់ ដើម្បីថ្វាយព្រះរាជដំណើរយាងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរអញ្ជើញរបស់ថ្នាក់ដឹកនាំកំពូលជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។
រដ្ឋបាលរាជធានីភ្នំពេញ និងផ្នែកពាក់ព័ន្ធត្រូវទទួលខុសត្រូវលើការធ្វើអនាម័យ សម្អាតបរិស្ថាន និងលម្អសោភ័ណភាពតាមដងផ្លូវសាធារណៈដែលព្រះមហាក្សត្រ និងថ្នាក់ដឹកនាំត្រូវស្តេចយាង និងអញ្ជើញឆ្លងកាត់ ឱ្យមានរបៀបរៀបរយ និងស័ក្តិសមជាព្រះរាជពិធីថ្នាក់ជាតិ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់តំណាងក្រសួង-ស្ថាប័នទាំងអស់។ ឯកឧត្តមប្រធានអង្គប្រជុំ បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ ឱ្យនាំយកខ្លឹមសារ និងស្មារតីនៃកិច្ចប្រជុំនេះ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័នរៀងៗខ្លួន ដើម្បីជំរុញការអនុវត្តការងារតាមផ្នែកឱ្យទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរបំផុត សម្រាប់ព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា ។







