ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការ​គាំទ្រ​ និង​បទពិសោធន៍​របស់កម្ពុជា និង​តួកគីយ៉េ​ក្នុងសកម្ម​ភាពមី​ន​សកល​ នឹង​បន្ត​ជម្រុញ​​ឆ្ពោះទៅរក​ពិភពលោកមួយ​ដែល​គ្មានមីន

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ — នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្វាគមន៍ និងអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលកាន់តំណែងថ្មី ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិត ស្និទ្ធជាមួយស្ថានទូតតួកគីយ៉េ ដើម្បីប្រែក្លាយទំនាក់ទំនងមិត្តភាពឱ្យទៅជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រ យោជន៍ទៅវិញទៅមក។​

 ឯកឧត្តម Mesut Özcan បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានពង្រីកទៅលើវិស័យជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅតួកគីយ៉េ។ ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូកម្ពុជា–តួកគីយ៉េ និងបានលើកឡើងពីការចូលរួមរបស់តួកគីយ៉េ ក្នុងការរួមចំណែកដោះស្រាយបញ្ហាមីននៅកម្រិតសកល។

 ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចែករំលែកថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់ដោយមីនយ៉ាងធ្ងន់ធ្ងរ ទៅជាប្រទេសដែលមានសមត្ថ ភាព ជំនាញ និងបទពិសោធន៍ ត្រូវបានទទួលស្គាល់ជាអន្តរ ជាតិក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។

 ទន្ទឹមនឹងសមិទ្ធផលទាំងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មី ពាក់ព័ន្ធនឹងយុទ្ធ ភណ្ឌគ្រឿងផ្ទុះដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា–ថៃ នៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។

 ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរចំពោះការគាំទ្ររបស់តួកគីយ៉េចំពោះសកម្មភាពមីនអន្តរជាតិ និងគូស បញ្ជាក់ថា បទពិសោធន៍ ជំនាញ និងការគាំទ្ររបស់កម្ពុជា និងតួកគីយ៉េ អាចបំពេញបន្ថែមគ្នា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ កិច្ចសហប្រតិ បត្តិការនេះ នឹងផ្តោតលើការចែករំលែកបទពិសោធន៍ និងចំណេះដឹង ការកសាងសមត្ថភាព និងការរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌សកល។