សាឡាង១គ្រឿងផ្ទុកមនុស្សជាង១៣០នាក់បានឆាបឆេះ ធ្វើឱ្យផ្ទៃទឹកឡើងក្តៅពិបាកសង្រ្គោះនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី

ក្រុមនាវិកកំពុងតស៊ូប្រឆាំងនឹងអគ្គីភ័យឆាបឆេះមួយ និងព្យាយាមជួយសង្គ្រោះអ្នករស់រានមានជីវិតបន្ថែមទៀតពីសាឡាងដឹកអ្នកដំណើរដែលបានឆេះនៅក្នុងសមុទ្រដ៏ក្ដៅគគុកនៅថ្ងៃពុធនេះ ស្ថិតនៅជិតកោះទេសចរណ៍បាលីរបស់ប្រទេសឥណ្ឌូនេស៊ី។

ក្រុមអ្នកជួយសង្គ្រោះ និងនាវាដែលឆ្លងកាត់កន្លែងកើតហេតុនោះក៏បានជួយសង្គ្រោះមនុស្សចេញចំនួន ១០៦នាក់ដែរ ហើយកំពុងតស៊ូយ៉ាងលំបាកដើម្បីយកមនុស្សសេសសល់ ២៥នាក់ទៀតចេញពីនាវាដែលកំពុងឆេះ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ។ លោក Muhammad Hariyadi ជាប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ Mataram បាននិយាយថា “យើងបានដាក់ពង្រាយនាវាមួយគ្រឿង និងសម្របសម្រួលជាមួយអង្គភាពប៉ូលីសកងទ័ពជើងទឹក និងកងទ័ពអាកាស ដើម្បីចល័តទៅកាន់ទីតាំងដែលសាឡាងបានឆាបឆេះ។ លោកបាននិយាយថា រលកសមុទ្រឡើង ក្ដៅគគុកដែលមានកម្ពស់រហូតដល់៤ ម៉ែត្រ បានធ្វើឱ្យកិច្ចខិតខំប្រឹង ប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។ អគ្គីភ័យបានចាប់ ផ្តើមឆេះនៅវេលា ម៉ោងប្រហែល៤ និង១៥នាទីព្រឹក ខណៈដែលសាឡាងឈ្មោះ Putri Yasmin កំពុងធ្វើដំណើរពីកំពង់ផែ Padang Bai នៅកោះបាលីទៅកាន់កំពង់ផែ Lembar នៅលើកោះជិតខាង Lombok ក្នុងខេត្ត West Nusa Tenggara នេះបើយោងតាមការិយាល័យស្វែងរកនៅ Mataram ប្រចាំខេត្ត។ ទីភ្នាក់ងារនេះបានទទួលរបាយការណ៍បន្ទាន់ស្ទើរតែកន្លះម៉ោងក្រោយមក ហើយបានដាក់ពង្រាយបុគ្គលិក និងនាវាជួយសង្គ្រោះភ្លាមៗ ដើម្បីឆ្លើយតប។ លោក Hariyadi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សត្រូវបានគាំទ្រដោយនាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ី មានទាំងទូកល្បាត និងនាវាជួយសង្គ្រោះ ព្រមទាំងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីស្ទាប ស្ទង់ពីមធ្យោបាយសង្រ្គោះតាមអាកាស។ លោក Hariyadi បាននិយាយថា សាឡាងនេះបានដឹកជញ្ជូនអ្នកដំណើរចំនួន ១១៤នាក់ និងសមាជិកនាវិកចំនួន១៧នាក់ ជាទិន្នន័យបញ្ជីអ្នកដំណើរផ្តល់ដោយ អាជ្ញាធរកំពង់ផែ Padang Bai។ សាឡាងនេះក៏មានផ្ទុកយានយន្តចំនួន៤៤គ្រឿង និងម៉ូតូចំនួន ៥៣ គ្រឿងរួមគ្នាដែរ។ ប្រទេសឥណ្ឌូណេស៊ីគឺជាដែនដីប្រជុំកោះជាង ១៧.០០០កោះ ដែលការធ្វើដំណើរតាមសាឡាងជាមធ្យោបាយទូទៅពីកោះមួយទៅកោះមួយ ងាយរងគ្រោះថ្នាក់ផ្លូវទឹក  ហើយការអនុវត្តសុវត្ថិភាព កាន់តែចុះខ្សោយទៅៗ ដែលធ្វើឲ្យពលរដ្ឋស្តីបន្ទោសអាជ្ញាធរពាក់ព័ន្ធមិនឈប់មិនឈរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ