រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីទស្សនាព្រះវិហារបរិសុទ្ធភ្នំពេញ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីទស្សនាជាផ្លូវការនូវ «ព្រះវិហារបរិសុទ្ធភ្នំពេញ» របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះមេគណ
រាជធានីភ្នំពេញទាំងពីរគណៈ និងសាវ័ក Elder Gerrit W. Gongសមាជិកក្នុងក្រុមប្រឹក្សានៃពួកសាវ័ក សាសនាចក្រ ព្រមទាំងឯកឧត្តម លោកជំទាវ ព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងស្ថាប័ន ឯកអគ្គរដ្ឋទូត តំណា ង អង្គទូត ថ្នាក់ដឹកនាំសាសនាចក្រ មន្ត្រីរាជការក្រសួងធម្មការ និងសាសនា តំណាងអ៊ិស្លាមសាសនា និងគ្រិស្ទបរិស័ទ ព្រមទាំង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនកុះករ។
តាមរយៈ សុន្ទរកថាស្វាគមន៍របស់លោក អ៊ិត វិជិត សមាជិកនៃសាសនាចក្រ និងចំណាប់អារម្មណ៍ សាវ័ក Gerrit W. Gong ថ្នាក់ដឹកនាំជាន់ខ្ពស់កម្រិតពិភពលោកនៃសាសនាចក្រ បានឱ្យដឹងថា ការកសាងព្រះវិហារបរិសុទ្ធភ្នំពេញនេះ ចាប់ ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២១ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ២០២៦ ដើម្បីបម្រើ ឱ្យសកម្មភាពសាសនា និងជារមណីយដ្ឋានផ្លូវចិត្តដ៏ពិសិដ្ឋរបស់បងប្អូនគ្រិស្តបរិស័ទ។
ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្តេច តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាជន និងសុខដុមនីយកម្មរបស់បរិស័ទគ្រប់និកាយសាសនា។
ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលនៃព្រះវិហារបរិសុទ្ធភ្នំពេញ មិនត្រឹមតែជាសមិទ្ធផលរូបវន្តដ៏ធំធេង ដែលបង្ហាញពីការរីកចម្រើនខាងជំនឿសាសនានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «សន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសេរីភាពខាងជំនឿសាសនា» ដែលប្រជា ពលរដ្ឋកម្ពុជាគ្រប់រូបកំពុងទទួលបានយ៉ាងស្មើភាពគ្នា នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ហើយនាំមកនូវការបង្រួបបង្រួមជាតិ និងបើកឱកាសឱ្យគ្រប់វិស័យ រួមទាំងវិស័យ សាសនា មានការរីកចម្រើនឡើងវិញ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តការពារ ពង្រឹង និងអភិវឌ្ឍគោលនយោបាយសុខដុមនីយកម្មសាសនា ដោយចាត់ទុកគ្រប់សាសនា ជាដៃគូអភិវឌ្ឍសង្គមជាតិដ៏សំខាន់ មិនអាចខ្វះបាន ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាសនាចក្រ តាមរយៈអង្គការមនុស្សធម៌របស់ខ្លួន (LDS Charities) ក្នុងកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដូចជាការជួយសាងសង់សាលារៀន ការផ្ដល់អណ្ដូងទឹកស្អាត និងប្រព័ន្ធចម្រោះទឹកនៅតាមជនបទ ការឧបត្ថម្ភរទេះរុញសម្រាប់ជនពិការ កម្មវិធីថែទាំសុខភាពមាតានិងទារក ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ដែលបានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ហើយបានសម្តែងមោទនភាព ចំពោះស្មារតីជាតិនិយម និងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរគ្រប់សហគមន៍សាសនា ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ។
ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខដុមនីយកម្មសាសនា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាណាចក្រ និងសាសនចក្រ ឯកឧត្តម រដ្ឋមន្ត្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៤ចំណុច ជូនដល់ថ្នាក់ដឹក នាំនិងគ្រិស្តបរិស័ទ ដូចខាងក្រោម៖
១. សូមឱ្យថ្នាក់ដឹកនាំ និងគ្រិស្ដបរិស័ទទាំងអស់នៃសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បន្តថែរក្សា និងពង្រឹងឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបង្កើនទំនាក់ទំនងល្អ ជាមួយ សហគមន៍សាសនាដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នារក្សាឱ្យបាននូវសុខដុមនីយកម្មសាសនានៅ កម្ពុជា។
២.បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងធម្មការនិង សាសនា ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ក្នុងការធ្វើសកម្មភាពសាសនា និងសកម្មភាពសង្គមនានា ធ្វើយ៉ាង ណាឱ្យស្របទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវចូលរួមអភិរក្ស ថែរក្សា ការពារប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
៣. សូមលើកទឹកចិត្តឱ្យសាសនចក្រ បន្តពង្រីក និងបង្កើនសកម្មភាពមនុស្សធម៌ ការងារអប់រំ និងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសការជួយដល់ជនងាយរងគ្រោះ កុមារកំព្រា ជនពិការនិងចាស់ជរាគ្មានទីពឹង ព្រមទាំងការបណ្ដុះបណ្ដាលជំនាញទន់ ជំនាញភាសា និងបច្ចេកវិទ្យាដល់យុវជន ដើម្បីចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
៤. រួមគ្នាផ្សព្វផ្សាយ និងអប់រំដល់សាសនិករបស់ខ្លួនឱ្យចូលរួមជាកម្លាំងសរុប ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍វៀរចាកឆ្ងាយពីគ្រឿង ញៀន មិនប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ មិនយកសាសនដ្ឋានធ្វើជាកន្លែងជួញដូរផ្លូវភេទ មិនផ្ទុកជនអន្តោប្រវេសន៍ខុសច្បាប់ ចាប់ជំរិត និងមិនប្រព្រឹត្តអំពើឆបោកគ្រប់ប្រភេទ មានស្គែមអនឡាញជាដើមដើម្បីរួមគ្នាកសាងសង្គមកម្ពុជាមួយប្រកបដោយសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព និងភាពសុខក្សេមក្សាន្ដ។
ជាទីបញ្ចប់ តាងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូម ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ប្រគេន ជូនដល់សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងអង្គពិធីទាំងមូល សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួនជានិរន្តរ៍ តរៀងទៅ ។







