ឯកឧត្តម វង សូត ផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ឆែក និងជប៉ុន មុនចេញដំណើរទៅបន្តការសិក្សា
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋឆែក និងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (JDS) ឱ្យខិតខំសិក្សា ពង្រឹងសមត្ថភាព និងប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។
ការជំរុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋឆែក ១៨រូប និងអាហារូបករណ៍ JDS ២៤រូប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញទៅបន្តការសិក្សានៅបរទេស។
ឯកឧត្តម វង សូត បានលើកឡើងថា ក្មួយៗ គឺជាទូតសុច្ឆន្ទៈតំណាងប្រទេសជាតិ ត្រូវចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលរបស់កម្ពុជា មានដូចជាស្ថិរភាពសេដ្ឋកិច្ច-សង្គម និងនយោបាយ ដើម្បីឱ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្រើន។
ឯកឧត្តមបានមានប្រសាសន៍ថា «យុវជនគឺជាអ្នកដឹកនាំជំនាន់ក្រោយ» ដោយស្នើឱ្យនិស្សិតប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាពជាតិ ភាពថ្លៃថ្នូរ និងស្មារតីទទួលខុសត្រូវ ហើយយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបាន មកបម្រើជាតិមាតុភូមិវិញ។
ឯកឧត្តមលើកឡើងថា ប្រទេសមួយអាចអភិវឌ្ឍនិងរឹងមាំទៅបាន គឺដោយសារធនធានមនុស្ស។ ឱកាសទទួលបានអាហារូបករណ៍ទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្មួយៗ ប៉ុន្តែក៏មិនអាចខ្វះបាននូវតួនាទីរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចប្រតិបត្តិការយ៉ាងជិតជិតស្និទ្ធជាមួយប្រទេសជាដៃគូផងដែរ។ ដូច្នេះ ក្មួយៗ មិនអាចភ្លេចបាននូវគុណតម្លៃរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺផ្តោតលើយុវជនជំនាន់ក្រោយ។
តំណាងនិស្សិតបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨១ មក រដ្ឋាភិបាលសាធារណរដ្ឋឆែកបានផ្តល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជាជាង ៤០០រូប ឱ្យបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងនាំយកចំណេះដឹង បទពិសោធន៍មករួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ដោយឡែក កម្មវិធីអាហារូបករណ៍ JDS របស់រដ្ឋាភិបាលជប៉ុន ត្រូវបានបង្កើតឡើងនៅកម្ពុជាតាំងពីឆ្នាំ២០០០ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស។ គិតមកដល់ពេលនេះ មាននិស្សិត និងមន្ត្រីកម្ពុជាសរុប ៦២១រូប បានទទួលការគាំទ្រតាមរយៈកម្មវិធី JDS និងបន្តការសិក្សានៅប្រទេសជប៉ុន។
ជាមួយគ្នានេះ តំណាងនិស្សិតបានប្តេជ្ញាចិត្តថា នឹងខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ឱ្យបានជាអតិបរមា ហើយវិលត្រឡប់មកកាន់មាតុប្រទេស ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន៕







