ដំណឹងល្អ ! អភិបាលខេត្តមណ្ឌលគិរី ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលប្រឡងបាននិទ្ទេស A

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រកាសផ្តល់កម្លាំងចិត្តដល់បេក្ខជនក្នុងខេត្តមណ្ឌលគិរីទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន ដែលបានសិក្សារយៈពេល ១២ឆ្នាំកន្លងមកនេះ ដើម្បីប្រឡងជាប់ហើយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដែលនេះគឺជាការតបស្នងសងគុណដល់ឪពុកម្តាយ ក៏ដូចជាចូលរួមអភិវឌ្ឍជាតិមាតុភូមិ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ បេក្ខជនដែលប្រឡងជាប់បាននិទ្ទេស A ទទួលបានរង្វាន់ម៉ូតូ ១គ្រឿង ដើម្បីជាការលើកទឹកចិត្ត។ ការផ្តល់រង្វាន់ធំនេះ មិនត្រឹមតែជាការអបអរសាទរចំពោះជោគជ័យផ្ទាល់ខ្លួនរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តមណ្ឌលគិរី ព្រមទាំងជាកម្លាំងចិត្តយ៉ាងសំខាន់ដល់ប្អូនៗជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ត្រចះត្រចង់។

តាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ដំណើរការនៃប្រឡងវិញ្ញាសាប្រឡង រយៈពេល ២ថ្ងៃនេះ ចាប់ពីថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី ដែលមាន ២មណ្ឌល មានសិស្សសរុប ៧៧០នាក់ ស្រី៤៧១នាក់ ក្នុងនោះ ៖ -មណ្ឌលវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី (លិច)មាន៣បន្ទប់ បេក្ខជនសរុប៧០នាក់ស្រី៤៦នាក់ មកប្រឡងទាំងអស់។ -មណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី(កើត)ថ្នាក់វិទ្យាសាស្ត្រសង្គម មាន២៨បន្ទប់ បេក្ខជនសរុប៧០០នាក់ ស្រី៤២៥នាក់ ក្នុងនោះបេក្ខជនស្វ័យរិន២៣នាក់ ស្រី១០នាក់ បេក្ខជនបំពេញវិជ្ជា១១នាក់ ស្រី៧នាក់បានមកប្រឡងចំនួន៦៩៨នាក់ ស្រី៤២៣នាក់ អវត្តមាន២នាក់ ស្រី២នាក់ (បេក្ខជនស្វ័យរិន) មូលហេតុមិនមកយកបណ្ណ ទាក់ទងមិនបាន។ លោក បន្ថែមថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចុងម៉ោងវិញ្ញាសាពលរដ្ឋវិជ្ជា បេក្ខជន២នាក់ មានបញ្ហាសុខភាព នៅថ្នាក់វិទ្យាសាស្ត្រសង្គម ៖ ១-ឈ្មោះ ស៊្រន់ ស្រីការ បន្ទប់លេខ២៤ លេខតុ ៥៨២ មានអាការៈថប់ដង្ហើម ២-ឈ្មោះ ចាន់ ស្រីការ បន្ទប់លេខ៤លេខតុ៨៨ មានអាការៈអស់កម្លាំង ក្រោយមកគាត់ទាំងពីរនាក់ បានមកបន្ទប់ប្រឡងវិញ ដំណើរការសរសេរវិញ្ញាសាដល់ចប់ម៉ោង។ ចំពោះវ៉ែនតា និងទូរស័ព្ទឆ្លាតវៃគឺគ្មាន ពោល គឺដំណើរការវិញ្ញាសាសរសេរ រយៈពេលពីរថ្ងៃនេះប្រព្រឹត្តទៅដោយរលូន៕