សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង
ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
សម្តេចប្រធានរដ្ឋសភាមានសេចក្តីតក់ស្លុត សោកសង្រេងជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។ ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវមរណទុក្ខនិងសោកស្តាយជាទីបំផុត ជូន ឯកឧត្តមប្រធានរដ្ឋ និងគណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឡាវជាបងប្អូន ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវ ហើយក៏ជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដោយផ្ទាល់នាឱកាសនេះ។
ឯកឧត្តមក៏បានអរគុណជាទីបំផុត ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ញើសាររំលែកទុក្ខ ជូន បក្ស រដ្ឋ និងប្រជាជនឡាវនៅក្នុងវេលាដ៏ក្រៀមក្រំនេះ។
សមានចិត្តដ៏ស្មោះសរ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាយូរលង់ណាស់មកហើយ។ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ។
ឆ្លៀតនៅក្នុងឱកាសនោះ តាមរយៈ សម្តេចប្រធានរដ្ឋសភា ឯកឧត្តមប្រធានរដ្ឋ ក៏បានផ្តាំផ្ញើនូវការក្រាបថ្វាយបង្គំនូវការសាកសួរសុខទុក្ខ ថ្វាយ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ ឯកឧត្តមស្នើ ជូន សម្តេចប្រធានរដ្ឋសភា បន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តមិត្តភាពជាប្រពៃណី និងមិត្តភាពដ៏ពិសេស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចូលរួមអបអរសាទរ ជូន ឯកឧត្តមប្រធានរដ្ឋ ដែលត្រូវបានមហាសន្និបាតលើកទី១២ ជ្រើសតាំងបន្តអាណត្តិជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ សម្រាប់អាណត្តិ ៥ ឆ្នាំបន្ថែមទៀត។ សម្តេចមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំបក្ស និងរដ្ឋ ប្រទេសឡាវជាមិត្តនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួនឆ្នាំ២០៥៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ជាមិនខានឡើយ៕







