អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងCDTV ខិតខំសហការពង្រីកវិសាលភាពលើវិស័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) បន្ថែមទៀត
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អនុញ្ញាតឲ្យលោក Huang Jiang អតីតអគ្គនាយកនៃ CDTV និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក Huang Jiang ត្រូវបានទទួលភារកិច្ចថ្មីនៅយូណានមេឌាគ្រុប នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទទក និងCDTV ក្នុងរយៈពេលកន្លងមក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមអគ្គនាយក មានប្រសាសន៍បន្តថា CDTV បានសហការគាំទ្រក្នុងការផ្លាស់ប្តូរលើការផលិតលើវិស័យវប្បធម៌ ទេសចរណ៌ និងការសិក្សារៀនសូត្រនៅខេត្តយូណានផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឃឹម វុទ្ធី បានលើកឡើងអំពីកិច្ចការងារសំខាន់ៗដែលទទក តែងបានពិភាក្សាជាមួយ CDTV ជាពិសេស គឺគម្រោងកម្មវិធីព័ត៌មានជាតិជាភាសាចិន ដែលគ្រោងបង្ហាញអំពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅកម្ពុជា ជាពិសេសគឺការបង្រ្កាបបទល្មើស Online Scams ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ តាមរយៈកញ្ចក់ទូរទស្សន៍ ផេកហ្វេសបុកផ្លូវការ គេហទំព័រ និងតេឡេក្រាមជាដើម ដល់ប្រជាជនចិនទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិន។
ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានថ្លែងអំណរគុណចំពោះលោកអតីតអគ្គនាយក CDTV ដែលជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយទូរទស្សន៍ជាតិកម្ពុជា ដោយបានបន្សល់ទុកនូវសមិទ្ធផលជោគជ័យ និងការងារប្រកបដោយប្រសិទ្ធភាពជាច្រើន។ ឯកឧត្តមអគ្គនាយក ក៏មានចំណាប់អារម្មណ៍ផងដែរ អំពីការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យឌីជីថល AI ដែលប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ១ មិនត្រឹមតែក្នុងតំបន់អាស៊ាននោះទេ គឺក្នុងពិភពលោកតែម្តង។ ហេតុនេះហើយ ឯកឧត្តម បានសំណូមពរឲ្យ CDTV ជួយបណ្តុះបណ្តាលមន្រ្តីវ័យក្មេង ទាក់ទងនឹងវិស័យឌីជីថល AI ដើម្បីឲ្យស្របទៅតាមតម្រូវការជាក់ស្តែងក្នុងយុគសម័យឌីជីថល។ បន្ថែមពីនេះ ក្នុងនាមជាថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងមហាប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ពិសេសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនជាលំដាប់។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ភាគីចិន បានស្វាគមន៍ និងរងចាំទទួលយកព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ដោយទទក និង CDTV អាចឈានទៅមុខរួមគ្នាលើកិច្ចការងារនេះ។
ភាគីចិន មានប្រសាសន៍ថា របាយការណ៌របស់ CDTV ដែលសហការឌីជីថលជាមួយ ទទក បានប្រគល់ទៅក្រសួងពាណិជ្ជកម្មចិន និងដាក់បញ្ចូលទៅគម្រោងជាតិរបស់ចិន។ គោលនយោបាយរវាងខេត្តយូណាន និងកម្ពុជា CDTV ជាផ្នែកមួយរបស់ យូណានគ្រុប មានផ្នែកមួយគឺផ្តោតទៅលើឌីជីថល និងផ្នែកមួយទៀតគឺវគ្គបណ្តុះបណ្តាល AI ដែលយើងអាចផ្លាស់ប្តូរទំនាក់ទំនងនេះទៅវិញទៅមក។
លោក Huang Jiang បានរំលឹកអំពីអនុស្សាវរីយ៍ល្អៗរវាង CDTV និងទទក ដែលបានបង្កើតកិច្ចសហប្រតិបត្តិការជាច្រើនលើប្រព័ន្ធផ្សព្វផ្សាយ និងបានថ្លែងអំណរគុណចំពោះការគាំទ្រពីទទក ដែល ធ្វើឲ្យ CDTV អាចរីកចម្រើនមកដល់ពេលនេះ ក្នុងពេលលោកបានកាន់តំណែងជាអគ្គនាយកនៃCDTV ក្នុងរយៈពេល៥ឆ្នាំមកនេះ ដែលមានដូចជាការរៀបចំកម្មវិធីវប្បធម៍ជាច្រើន រួមមានសិក្ខាសាលាឌីជីថលនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុននៅកម្ពុជា ចែកអំណោយសប្បុរសធម៌មួយចំនួននៅសាលារៀន និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និងកម្មវិធីជាច្រើនផ្សេងទៀត។
ឯកឧត្តមអគ្គនាយក បានជូនពរលោក Huang Jiang មានសុខភាពល្អ និងសម្រេចជោគជ័យលើកិច្ចការងារថ្មីនៅសាធារណរដ្ឋប្រជាមានិតចិន និងបានស្វាគមន៍កញ្ញា He ChunHua ដែលជាអគ្គនាយកស្តីទី ទទួលបន្ទុកជំនួសលោក Huang Jiang។
មុននឹងបញ្ចប់ ភាគីទាំងពីរ បានលើកឡើងអំពីផែនការ និងទិសដៅការងារបន្តរវាង CDTV និងទទក ក្នុងខណៈដែល ទូរទស្សន៍ជាតិកម្ពុជា ជាស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយ CDTV ហើយភាគីទាំងពីរនឹងបន្តបេជ្ញាជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែស្អិតរមួតបន្ថែមទៀត៕







