ជំរឿនជីវមាត្រមន្ត្រីរាជការ យន្តការឆ្លើយតបនឹងការកែទម្រង់ និងការបែងចែកមន្ត្រីតាមជំនាញច្បាស់លាស់

“ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំសណ្តាប់ធ្នាប់ និងពង្រឹងការគ្រប់គ្រងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព។” នេះជាការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រោយពីឯកឧត្តមបានចូលរួមធ្វើជីវមាត្រ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្នុងរចនាសម្ព័ន្ធក្រសួងធនធានទឺក និងឧតុនិយម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្រសួងមុខងារសាធារ ណៈ បានចុះមកដល់ទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើជំរឿនមន្ត្រីរាជការនៅថ្ងៃនេះ គឺជាការងារមួយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការគ្រប់គ្រងមន្ត្រីនៅក្នុងស្ថាប័នឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ និងមានការគ្រប់គ្រងច្បាស់លាស់។ជាពិសេសធានាថា មន្ត្រីរាជការបំពេញការងារតាមបច្ចេកទេស តាមមុខងារនីមួយៗ ស្របតាមអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង»ផងដែរ។”

ទន្ទឹមនេះ ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម មាននាយកដ្ឋានសរុបចំនួន១២ ដែលមានការបែងចែកទៅតាមជំនាញច្បាស់ លាស់។ ការធ្វើជំរឿននេះនឹងជួយឱ្យនាយកដ្ឋាននីមួយៗ ទទួលបានអ្នកជំនាញមកធ្វើការចំជំនាញនៃនាយកដ្ឋាន និងងាយស្រួលដល់ការគ្រប់គ្រងរបស់ស្ថាប័ន។ ការធ្វើជំរឿននេះ មិនមែនជាការងារមួយដែលចម្លែកទេ តែជាការងារមួយល្អបំផុត ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងស្ថាប័ន។

ឯកឧត្តមក៏បានផ្តាំផ្ញើទៅដល់មន្ត្រីរាជការទាំងអស់ ជាពិសេសមន្ត្រីនៅក្នុងក្រសួងធនធានទឹក និងឧតុនិយមទាំងមូល មិនត្រូវមានការព្រួយបារម្ភចំពោះយុទ្ធនាការនេះឡើយ។ យុទ្ធនាការជំរឿននេះ ជួយឱ្យមន្ត្រីរាជការធ្វើការដោយទំនុកចិត្ត ដោយយកចំណេះ ជំនាញ ដែលខ្លួនបានរៀនសូត្រពីសាលាមកបំពេញការងារឱ្យចំជំនាញ និងមិនមែនជាការបង្ខិតបង្ខំនោះទេ។